រាជធានីភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ.) នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ បានបោះពុម្ព និងផ្សព្វផ្សាយសៀវភៅឆ្នាំទី២ ស្តីពី «ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ។
តាមរយៈកូនសៀវភៅ ដែលមានកម្រាស់៤៧ទំព័រនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ.) មានកិត្តិយសសូមរំលេចជូន នូវសមិទ្ធផលលេចធ្លោសំខាន់ៗ ដែលរាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបានក្នុងឆ្នាំ២០២៥ ជាពិសេសការប្តេជ្ញាចិត្តរក្សាឱ្យបានគង់វង្សនូវសមិទ្ធផលនានា ដែលកសាងដោយរាជរដ្ឋាភិបាលអាណត្តិមុនៗ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការប្តេជ្ញាចិត្តកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ ។
ជាក់ស្តែង ក្នុងអំឡុងពេលដែលកម្ពុជាទទួលរងការរំលោភបំពានយ៉ាងកំរោលពីសំណាក់យោធាថៃ រាជរដ្ឋាភិបាលកម្ពុជា ដោយឈរលើគោលជំហរសន្តិភាពនិយម និងផ្តល់តម្លៃខ្ពស់ចំពោះជីវិតមនុស្ស និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋជាធំ បានខិតខំប្រឹងប្រែងដោយដៃម្ខាងការពារសន្តិភាពតាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយការទូតដើម្បីសម្រេចបានបទឈប់បាញ់ និងដៃម្ខាងទៀត ខំប្រឹងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយផ្អែកលើដំណោះស្រាយដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស ដោយអនុលោមតាមសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ ។
ក្រៅពីនោះ រាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍប្រទេសជាតិស្របតាមគោលនយោបាយដែលបានដាក់ចេញ ដោយអាចសម្រេចសមិទ្ធផលសំខាន់ៗគួរឱ្យកត់សម្គាល់ជាច្រើន ជាពិសេសការងារពាណិជ្ជកម្ម (ជោគជ័យនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ធ្លាក់ចុះពី ៤៩% មកត្រឹម ១៩%) ការទាក់ទាញអ្នកវិនិយោគ ការកសាងគ្រប់គ្រង និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគាំពារសង្គមរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបានធ្វើកំណែទម្រង់លើវិស័យធំៗជាច្រើន ដូចជា សុខាភិបាល រដ្ឋបាលសាធារណៈ អប់រំ កសិកម្ម ការលើកកម្ពស់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ និងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់អភិវឌ្ឍន៍លើគ្រប់វិស័យ ។
ឆ្លៀតក្នុងឱកាសនេះ អ.អ.រ. សូមថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាំពាក្យនៃក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ចំពោះកិច្ចសហការដ៏សកម្មក្នុងការផ្តល់ព័ត៌មានលើកិច្ចការងារជាតិ និងអន្តរជាតិបានយ៉ាងពិស្តារនិងគ្រប់ជ្រុងជ្រោយនៅក្នុងកូនសៀវភៅនេះ។
ជាទីបញ្ចប់ តាមរយៈកូនសៀវភៅ ស្តីពី លទ្ធផលការងារសង្ខេបឆ្នាំទី២ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសម្តែងនូវសេចក្តីគោរព និងការដឹងគុណដ៏ជ្រាលជ្រៅបំផុត គោរពជូនថ្នាក់ដឹកនាំកំពូលៗគ្រប់រូប មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស រួមទាំងដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធទាំងអស់ដែលបាន និងបន្តចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ហើយបានផ្តល់ជំនឿទុកចិត្ត និងការគាំទ្រដ៏ធំធេងចំពោះរាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាល។
សូមជម្រាបជូនថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានបានបោះពុម្ពនិងផ្សព្វផ្សាយសៀវភៅឆ្នាំទី១ «នៃដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដើម្បីផ្សព្វផ្សាយពីគោលនយោបាយនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ផងដែរ៕
ចែករំលែកព័តមាននេះ