អន្តរជាតិ ៖ តម្លៃមាសអន្តរជាតិបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងរយៈពេលជិត៣សប្តាហ៍ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ខណៈដែលទីផ្សារសកលបានវាយតម្លៃឡើងវិញនូវហានិភ័យរយៈពេលខ្លី បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានព្រមផ្អាកការវាយប្រហារលើអ៊ីរ៉ង់រយៈពេល២សប្តាហ៍ ដោយបន្ធូរបន្ថយការភ័យខ្លាចលើអតិផរណាជំរុញដោយវិបត្តិថាមពល។ នេះបើយោងតាមប្រភពពី Reuters បានចេញផ្សាយ។
តម្លៃមាសអន្តរជាតិភ្លាមៗបានស្ទុះងើបកើនឡើង ២,៥% នៅ ៤ ៨១៩ ដុល្លារអាមេរិកក្នុង១អោន ឬ ៥ ៨០៦ ដុល្លារក្នុង១តម្លឹង គិតត្រឹមម៉ោង ១២:៣៥ នាទីថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា) ខណៈដែលការជួញដូរដំបូងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ តម្លៃមាសបានកើនឡើងជាង ៣% ដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
លោក ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកបានយល់ព្រមផ្អាកការវាយប្រហាររយៈពេល២សប្តាហ៍ ជាមួយការឯកភាពបើកច្រកសមុទ្រហ័រមូល (Hormuz) ឡើងវិញ ហើយបានទទួលសំណើ ១០ ចំណុចពីអ៊ីរ៉ង់ ដែលលោកបានពិពណ៌នាថាមូលដ្ឋានដែលអាចអនុវត្តបានសម្រាប់ការចរចា។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីការព្រមានពីមុនរបស់លោកថា អ៊ីរ៉ង់ត្រូវតែបើកច្រកសហ័រមូស (Hormuz) ឡើងវិញ ឬប្រថុយនឹងការសងសឹករបស់សហរដ្ឋអាមេរិកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួន។
ក្រុមប្រឹក្សាសន្តិសុខកំពូលអ៊ីរ៉ង់បានប្រកាសថា ការចរចាជាមួយសហរដ្ឋអាមេរិកនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន បន្ទាប់ពីខ្លួនបានដាក់សំណើ ១០ ចំណុចតាមរយៈប្រទេសប៉ាគីស្ថាន។
ការកើនឡើងតម្លៃថាមពលអាចជំរុញឱ្យមានអតិផរណា និងបង្កើតភាពស្មុគស្មាញដល់ការសម្រេចចិត្តរបស់បណ្តាធនាគារកណ្តាលសកលលើកម្រិតអត្រាការប្រាក់របស់ខ្លួន។ ខណៈពេលដែលមាសត្រូវបានគេមើលឃើញជាញឹកញាប់ថាជារបាំងការពារប្រឆាំងនឹងអតិផរណា និងភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយនោះ តម្លៃរបស់វានឹងធ្លាក់ចុះនៅពេលមានអត្រាការប្រាក់ខ្ពស់៕

ចែករំលែកព័តមាននេះ