អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា នៅក្នុងមួយខែ ខ្លួនបាត់ចំណូលប្រមាណជា ៤៧ លានដុល្លារ ដើម្បីឧបត្ថម្ភដល់ពលរដ្ឋ ខណៈដែលប្រទេសប្រឈមមុខនឹងវិបត្តិប្រេងឥន្ធនៈ ។

ទំហំទឹកប្រាក់នេះត្រូវបានអ្នកជំនាញនៃស្ថាប័ននេះ បានបញ្ជាក់កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន លើកទី១០ ។
តាមអ្វីដែលមន្ត្រីគយ បានលើកឡើងថា ការឧបត្ថម្ភធននេះ គឺធ្វើឡើងក្រោយរូបភាព២ គឺទី១ ការកែសម្រួលអត្រាពន្ធ និងអាករសម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដែលមានខ្លឹមសារចម្បង គឺការបញ្ចុះពន្ធគយ លើយានយន្តអគ្គិសនី, អាគុយ, បរិក្ខារសូឡា, និងចង្ក្រានអគ្គិសនី ដែលជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងទី២ លើការបន្ធូរបន្ថយបន្ទុកពន្ធ និងអាករនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ដើម្បជួយបញ្ចុះតម្លៃ និងធានានិរន្តរភាពនៃការផ្គត់ផ្គង់ ។
ប្រភពដដែលបានបន្តថា តាមការប៉ាន់ស្មានជាបឋម ការអនុវត្តវិធានការទាំង២នេះ នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាត់បង់ចំណូលប្រមាណ ៤៧លានដុល្លារក្នុងមួយខែ ៕

ចែករំលែកព័តមាននេះ