ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ម៉ាស៊ីនត្រជាក់គឺជាឧបករណ៍ដែលស៊ីភ្លើងខ្លាំងជាងគេក្នុងផ្ទះ ប៉ុន្តែប្រសិនបើអ្នកចេះប្រើប្រាស់តាមបច្ចេកទេសវៃឆ្លាត អ្នកអាចកាត់បន្ថយចំណាយលើវិក្កយបត្រអគ្គិសនីបានយ៉ាងច្រើន ដោយមិនចាំបាច់ទ្រាំក្ដៅឡើយ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗដែលអ្នកអាចអនុវត្តបានភ្លាមៗ៖
គោលការណ៍សំខាន់បំផុតគឺ ការកំណត់សីតុណ្ហភាពនៅកម្រិត ២៦-២៧°C។ ការដំឡើងសីតុណ្ហភាពត្រឹម ១ អង្សារ អាចជួយសន្សំសំចៃភ្លើងបានពី ៥-១០% ហើយដើម្បីឱ្យកាន់តែត្រជាក់រហ័ស អ្នកគួរ បើកកង្ហារជំនួយ ដើម្បីជួយបក់ខ្ចាត់ខ្ចាយខ្យល់ត្រជាក់ឱ្យសព្វបន្ទប់ ដែលវិធីនេះជួយឱ្យម៉ាស៊ីនត្រជាក់មិនបាច់ធ្វើការធ្ងន់។ បន្ថែមពីនេះ ហាមបើកបិទម៉ាស៊ីនត្រជាក់ញឹកញាប់ ព្រោះរាល់ពេលចាប់ផ្ដើមដំណើរការឡើងវិញ ម៉ាស៊ីនត្រូវប្រើកម្លាំងភ្លើងខ្លាំងបំផុត ប្រសិនបើអ្នកចេញក្រៅបន្ទប់មិនលើសពី ១ ម៉ោង គួរទុកវាឱ្យដំណើរការបន្តទើបជាការប្រសើរ។
ក្រៅពីការប្រើប្រាស់ ស្ថានភាពបន្ទប់ និងការថែទាំក៏ជារឿងចាំបាច់។ អ្នកត្រូវ បិទទ្វារ បង្អួច និងចន្លោះប្រហោងឱ្យជិត ដើម្បីកុំឱ្យខ្យល់ត្រជាក់លេចចេញទៅក្រៅ និងគួរប្រើវាំងននបាំងកម្ដៅថ្ងៃ។ ជាពិសេស ត្រូវ លាងសម្អាតម៉ាស៊ីនត្រជាក់រៀងរាល់ ៦ ខែម្ដង ដើម្បីជម្រះធូលីដែលរាំងស្ទះខ្យល់ ជួយឱ្យម៉ាស៊ីនត្រជាក់លឿន និងអូសបន្លាយអាយុកាលប្រើប្រាស់។
ជាចុងក្រោយ ការជ្រើសរើស កម្លាំងសេះឱ្យសមស្របនឹងទំហំបន្ទប់ គឺជាគ្រឹះនៃការសន្សំសំចៃ។ បើម៉ាស៊ីនតូចពេក វានឹងដំណើរការមិនឈប់ ដែលនាំឱ្យស៊ីភ្លើងខ្លាំង និងឆាប់ខូច។ ការអនុវត្តតាមតិចនិកទាំងនេះ នឹងជួយឱ្យអ្នកទទួលបានភាពត្រជាក់ត្រជុំក្នុងផ្ទះ ប្រកបដោយក្ដីសុខ និងសប្បាយចិត្តនៅពេលឃើញវិក្កយបត្រថ្លៃភ្លើងប្រចាំខែចុះថយជាលំដាប់៕
ចែករំលែកព័តមាននេះ