ចង្ក្រានដីលក់ដាច់ខ្លាំង ផលិតស្ទើរមិនទាន់ ក្រោយហ្គាសហក់ឡើងថ្លៃ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ សង្គ្រាមនៅមជ្ឈិមបូព៌ា បានបង្កឲ្យទំនិញសព្វសារពើឡើងថ្លៃ ដោយសារតម្លៃប្រេងឥន្ធនៈ និងហ្គាសឡើងថ្លៃ ធ្វើឲ្យអ្នកប្រើប្រាស់ហ្គាសក្នុងការចម្អិនម្ហូបអាហារបានកាត់ផ្ដាច់ស្ទើរទាំងស្រុង ។ ដូច្នេះហើយទើបប្រជាពលរដ្ឋជាច្រើនងាកមកចម្អិនអាហារតាមចង្ក្រានអុស ធ្យូងវិញ ។ អ្វីដែលជាទីចាប់អារម្មណ៍ សម្រាប់អ្នកភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បែរជាសប្បាយចិត្តព្រោះលក់ចង្ក្រានដាច់និងផលិតមិនទាន់។
ស្ត្រីឈ្មោះ សួស សារួន អាយុ៤៥ ឆ្នាំ រស់នៅ ក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលកំពុងមមាញឹក ដំ កន្ថាំង (ស័ង្កសី សម្រាប់ស្រោបចង្ក្រានដី) បានបញ្ជាក់ថា គ្រួសារគាត់ ពុំមែនជាអ្នកផលិតក្អមឆ្នាំងចង្ក្រាននោះទេប៉ុន្តែគ្រួសារគាត់គឺជាអ្នកប្រមូលទិញពីបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ដឹកតាមវ៉ឺម៉ក ឬរថយន្ត ដើរលក់តាមបណ្ដាខេត្ត នានា មានដូចជាខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ស្ពឺតាកែវជាដើម ។មួយរយៈនេះ ក្រោយពីហ្គាសឡើងថ្លៃ ហើយអ្នកប្រើប្រាស់ហ្គាស ពេលខ្លះរកទិញហ្គាសមកចង្អិនម្ហូបអាហារមិនបាន ទើបប្រជាពលរដ្ឋបានងាកមកទិញចង្ក្រានដុតអុស ធ្យូង មកចម្អិនអាហារ ជំនួសហ្គាស វិញ ធ្វើឲ្យចង្ក្រានដីរបស់ពួកគាត់លក់ដាច់ខ្លាំងណាស់ ហើយផលិតលក់មិនទាន់ទៀតផង ។ឃើញស្ថានភាពបែបនេះ គ្រួសារគាត់ក្រៅពីរង់ចាំទិញចង្ក្រានដឹកដើរលក់ គ្រួសារគាត់បានទទួលស៊ីឈ្នួលវាយ កន្ថាំង សម្រាប់ស្រោបចង្ក្រាន ឱ្យអ្នកភូមិវិញ ជាជាងរង់ចាំទទួលចង្ក្រានដើរលក់និងបានកម្រៃគួរសមដែរ។
លោក សំ សំណាង មេភូមិបាញ់ឆ្គោល បានបញ្ជាក់ថា ក្នុងភូមិបាញ់ឆ្គោល ស្ទើរតែ 100% ប្រជាពលរដ្ឋមានមុខរបរធ្វើស្រែនិងផលិតក្អមឆ្នាំងចង្ក្រានដីលក់ ដែលគ្រួសារខ្លះជាអ្នកផលិតគ្រួសារខ្លះជាអ្នកប្រមូលទិញដើរលក់តាមបណ្ដាខេត្ត។ មួយរយៈនេះអ្នកទិញដើរលក់តាមបណ្ដាខេត្តលក់ដាច់ខ្លាំងណាស់ គ្រាមុនដឹកទៅមួយជើងមានរយៈពេល 10 ថ្ងៃទៅ 15 ថ្ងៃប៉ុន្តែលើកនេះមិនដល់មួយសប្តាហ៍ពួកគាត់លក់ដាច់អស់វិលត្រឡប់មកផ្ទះវិញហើយ។ ចំណែកអ្នកភូមិដែលផលិតក្អមឆ្នាំងពិសេសចង្ក្រាន្ដដី គឺផលិតមិនទាន់ទេដោយសារចង្ក្រានលក់ដាច់ខ្លាំងពេក។
គួរបញ្ជាក់ដែរថាក្នុងខេត្តកំពង់ឆ្នាំងមិនមែនតែអ្នកភូមិបាញ់ឆ្គោល នោះទេដែលផលិតក្អមឆ្នាំងចង្ក្រានលក់ មានអ្នកភូមិមួយចំនួនទៀតដូចជាភូមិខ្សាម សង្កាត់កំពង់ឆ្នាំង ភូមិអណ្ដូងឫស្សី ឃុំស្រែថ្មីស្រុករលាប្អៀរ ក៏មានផលិតក្អមឆ្នាំងនិងចង្ក្រានដីផងដែរ ៕




















ចែករំលែកព័តមាននេះ