ប្រទេសឥណ្ឌូណេស៊ី ៖ ដ្រូនក្រោមទឹករបស់ចិន១គ្រឿង ត្រូវបានអ្នកនេសាទឥណ្ឌូណេស៊ីម្នាក់ប្រទះឃើញយ៉ាងភ្ញាក់ផ្អើលនៅជិតច្រកសមុទ្រដ៏សំខាន់ទៅដល់ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ នេះបើតាយោងមប្រភពពីកាសែត South China Morning Post និងគេហទំព័រ Defence Security Asia បានចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។
ជាការកត់សម្គាល់របស់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ីបានរាយការណ៍ថា ដ្រូនក្រោមទឹកចិន១គ្រឿង ដែលមានរូបរាងស្រដៀងនឹងគ្រាប់បែកបរមាណូ និងត្រូវបានប្រទះឃើញនៅជិតច្រកសមុទ្រឡុំបុក (Lombok) ប្រទេសឥណ្ឌូណេស៊ីនោះ បានកើតឡើងនៅពេលដែលសកម្មភាពសង្កេតក្រោមទឹករបស់ចិនបានកើនឡើងក្នុងតំបន់ងាយរងគ្រោះ។
ផ្លូវទឹករវាងកោះបាលី និងកោះឡុំបុក ត្រូវបានតាមដានយ៉ាងដិតដល់ពីសហរដ្ឋអាមេរិក និងអូស្ត្រាលី វាគឺជាផ្លូវទឹកជ្រៅមួយក្នុងចំណោមផ្លូវទឹកមួយចំនួនដែលអាចអនុញ្ញាតឱ្យនាវាមុជទឹកឆ្លងកាត់ក្នុងជម្រៅប្រតិបត្តិការបាន ព្រមទាំងសម្រាប់នាវាចម្បាំងធំៗ ដែលធ្វើដំណើររវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាផងដែរ។
ដ្រូនក្រោមទឹកត្រូវបានប្រទះឃើញចម្ងាយ២ទៅ៣គីឡូម៉ែត្រ ភាគខាងជើងកោះឡុំបុកនៅជិតផ្លូវចូលទៅកាន់ច្រកសមុទ្រ ខណៈពេលដែលអ្នកនេសាទកំពុងបង់សំណាញ់ត្រីប្រទះឃើញ ហើយសង្ស័យ ក៏បានអូសវត្ថុនោះមកច្រាំង មុនពេលរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អាជ្ញាធរជឿថាវាជាឧបករណ៍បច្ចេកវិទ្យាសមុទ្រ ហើយប៉ូលិសបានសន្និដ្ឋានថា គ្មានការគំរាមកំហែងភ្លាមៗទេ បន្ទាប់ពីការត្រួតពិនិត្យវត្ថុរាងស៊ីឡាំងប្រវែងប្រហែល ៣,៧ ម៉ែត្រ និងអង្កត់ផ្ចិត ០,៧ ម៉ែត្រ ដើម្បីស្វែងរកគ្រឿងផ្ទុះ ឬសម្ភារៈវិទ្យុសកម្ម។
ប៉ូលិសមូលដ្ឋានបានអះអាងថា ទាំងនេះគឺជាលក្ខណៈដែលត្រូវបានរកឃើញជាទូទៅនៅក្នុងឧបករណ៍សង្កេត ឬឧបករណ៍ស្ទាបស្ទង់ក្រោមទឹក ហើយជាមួយគ្នានោះ រូបថតដែលថតនៅទីតាំងប្រទះឃើញនោះក៏បានបង្ហាញថា ឧបករណ៍នោះមានឡូហ្គោរបស់សាជីវកម្មឧស្សាហកម្មសាងសង់កប៉ាល់ចិន (CSIC) រួមជាមួយនឹងអក្សរចិនជាច្រើន។
មិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយពីប្រទេសចិននៅឡើយទេ ដែលបង្កើនការរំពឹងទុកថា ដ្រូនក្រោមទឹកដែលបានរកឃើញអាចតំណាងឱ្យផ្នែកមួយនៃបណ្តាញប្រព័ន្ធឃ្លាំមើលក្រោមទឹកដ៏ធំទូលាយ និងមិនអាចប្រកែកបានដែលកំពុងដំណើរការនៅទូទាំងចំណុចច្រកសមុទ្រដែលងាយរងគ្រោះបំផុតរបស់អាស៊ីអាគ្នេយ៍។ សម្រាប់ឥណ្ឌូណេស៊ី ការប្រទះឃើញនេះ ទំនងជានឹងបង្កើនសម្ពាធសម្រាប់ការឃ្លាំមើលប្រឆាំងនាវាមុជទឹក ការត្រួតពិនិត្យបាតសមុទ្រ និងសមត្ថភាពយល់ដឹងពីដែនសមុទ្រជាបន្តបន្ទាប់នៅទូទាំងច្រកសមុទ្រឡុំបុក និងផ្លូវសមុទ្រក្បែរនោះ៕
ចែករំលែកព័តមាននេះ