ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​សមាគម TAFTAC ប្តេជ្ញា​​បន្ត​អភិវឌ្ឍ​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិតស្បែកជើងនិងកាបូប ​នៅ​កម្ពុជា

42 នាទី មុន

​រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Enjoy Ho…

​រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Enjoy Ho ប្រធាន​សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) និង​គណៈកម្មការ​ប្រតិបត្តិ​ថ្មី នា​រសៀល​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៦​នេះ នៅ​ទីស្តីការក្រសួង ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ការងារ​ឱ្យ​កាន់​រីក​ចម្រើន​ប្រកបដោយ​សមត្ថភាព​ប្រកួតប្រជែង និង​រក្សា​បាន​នូវ​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា ដែល​បាន​ជួយ​បង្កើត​ការងារ​ជូន​កម្មករនិយោជិត​ប្រមាណ ១,២ លាន​នាក់ និង​អ្នក​ដែល​ទទួលផល​ដោយ​ប្រយោល​ពី​វិស័យ​នេះ ប្រមាណ ៣​លាន​នាក់​ ។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​យ៉ាង​រឹង​មាំ​របស់​សមាគម TAFTAC ដែល​បាន​ដំណើរការ​ដោយ​ជោគជ័យ​ជិត​៣០​ឆ្នាំ​មក​ហើយ ដែល​រួមចំណែក​ធ្វើ​ឱ្យ​វិស័យ​នេះ​រីក​ចម្រើន​រហូត​មក​ដល់​ពេល​នេះ ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​ក៏​បាន​អបអរសាទរ​ចំពោះ​លោក Enjoy Ho ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជាប់​ជា​ប្រធាន​សមាគម TAFTAC សម្រាប់​អាណត្តិ​ទី​១៧ (២០២៦-២០២៨) ដោយ​ឯកឧត្តម​ជឿជាក់​ថា ក្រោម​ការ​ដឹកនាំ​ថ្មី​ប្រកបដោយ​ថាមពល​នេះ​នឹង​ធ្វើ​ឱ្យ TAFTAC កាន់តែ​មាន​សាមគ្គីភាព​ដ៏​រឹង​មាំ និង​ការ​រីក​ចម្រើន បន្ត​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប​ក៏​ដូច​ជា​សេដ្ឋកិច្ច​កម្ពុជា ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលឹក​ថា សមាគម TAFTAC អតីត GMAC គឺជា​ដៃគូ​ប្រវត្តិសាស្ត្រ​សហការ​យ៉ាង​ជិត​ស្និទ្ធ ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​រួម​គ្នា ក្នុង​ដំណាក់កាល​ស្ថានភាព​មិន​មាន​ស្ថិរភាព រហូត​ដល់​ក្លាយទៅជា​កិច្ចសហការ​ដែល​សុខដុមរមនា និង​បំពេញបន្ថែម​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ប្រសិនបើ​មិន​មាន​វត្តមាន សមាគម​ទេ នោះ​វិស័យ​នេះ​ក៏​មិន​អាច​រីក​ចម្រើន​បាន​ដល់​កម្រិត​នេះ​ដែរ​ ។

ទាំងនេះ​បាន​កើត​ចេញពី​ការ​ប្តេជ្ញា​ចិត្ត និង​ភាព​អត់ធ្មត់​រួម​គ្នា ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស ក្នុងអំឡុងពេល​មាន​បញ្ហា​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​សមាគម​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កម្ពុជា​លើ​ការ​ចរចា ដោយ​ពន្យល់​ពី​ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ល្អ សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម និង​តួនាទី​សំខាន់​របស់​កម្មការិនី​ក្នុង​វិស័យ​នេះ​ជាដើម ​។

លើស​ពី​នេះ ឯកឧត្តម ហេង សួរ បាន​គូសបញ្ជាក់​ថា សមាគម TAFTAC ក៏​ជា​ដៃគូ​យ៉ាង​សំខាន់ និង​អាច​ជឿ​ទុកចិត្ត​របស់​រាជរដ្ឋាភិបាល និយោជក និង​កម្មករនិយោជិត ក្នុង​យន្តការ​ចរចា​ត្រីភាគី បង្កើត​វេទិកា​សន្ទនា ដែល​ជួយ​រក្សា ពង្រីក និង​លើកកម្ពស់​លក្ខខណ្ឌ​ការងារ សុខុមាលភាព និង​សិទ្ធិ​ការងារ​សម្រាប់​កម្មករនិយោជិត ព្រមទាំង​ប្រយោជន៍​ស្របច្បាប់​របស់​វិនិយោគិន​នៅ​កម្ពុជា​។ ជាក់ស្តែង​នា​ពេល​ថ្មី​ៗ​នេះ សមាគម​បាន​ចូលរួម​ចំណែក​ដ៏​ធំធេង ក្នុង​ការ​សម្របសម្រួល​ជាមួយ​សមាជិក ក្នុង​ការ​ផ្តល់​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​បណ្តោះអាសន្ន​ចំនួន ២,៥០​ដុល្លារ​អាម៉េរិក បន្ថែម​លើ​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ សម្រាប់​ប្អូន​កម្មករនិយោជិត ក្នុងអំឡុងពេល​នៃ​វិបត្តិ​ថ្លៃ​ប្រេងឥន្ធនៈ​ជាស​កល​នេះ​ ។

ជា​ការ​ឆ្លើយ​តប លោក Enjoy Ho បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម ហេង សួរ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ក្នុង​ការ​ជជែក​ពិភាក្សា ក៏​ដូច​ជា​ការ​បន្ត​ការ​គាំទ្រ​រហូត​មក ដោយ​លោក​បាន​ណែនាំ​ថ្នាក់ដឹកនាំ​ថ្មី​ក្នុង​អាណត្តិ​របស់​លោក ជាមួយនឹង​ទិស​ដៅ​អាទិភាព​ការងារ​សំខាន់​ៗ​របស់​សមាគម​។ លោក​ក៏​បាន​ធ្វើការ​កត់សម្គាល់​ពី​ការ​អភិវឌ្ឍ​របស់​កម្ពុជា ក៏​ដូច​ជា​កិច្ចសហការ​កាន់តែ​ជិត​ស្និទ្ធ​យូរអង្វែង​រវាង​សមាគម និង​ក្រសួង​ការងារ ដោយ​សង្កត់ធ្ងន់​ថា ក្រសួង​ការងារ​គឺ​នៅ​តែ​ជា​ស្នូល​ដ៏​សំខាន់​បំផុត​សម្រាប់​កិច្ច​សហប្រតិបត្តិការ​របស់​សមាគម​។ ទន្ទឹម​នឹង​នេះ​ទស្សនវិស័យ និង​គោលនយោបាយ​របស់​ក្រសួង​ការងារ​គឺ​ពិត​មាន​សារៈសំខាន់ និង​រក្សា​បាន​នូវ​តុល្យភាព ដែល​បាន​គាំទ្រ​យ៉ាងច្រើន​ក្នុង​ការ​រីក​ចម្រើន​របស់​សមាគម ក៏​ដូច​អ្នក​វិនិយោគ ​។

លោក Enjoy Ho បាន​បង្ហាញ​ការ​ជឿជាក់​លើ​ការ​ដឹកនាំ​ឯកឧត្តម​រដ្ឋមន្ត្រី ហើយ​ប្តេជ្ញា​យ៉ាង​មុតមាំ​ថា នឹង​បន្ត​ពង្រឹង និង​ពង្រីក​សហការ​យ៉ាង​ស៊ីជំរៅ​ជាមួយ​គ្នា ដើម្បី​បន្ត​លើកកម្ពស់​ស្តង់ដា​កម្មករនិយោជិត វិស័យ​កាត់ដេរ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​ស្ថិរភាព​ ៕ អត្ថបទសហការ