ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ឆបោក​តាម​ប្រ​ព​ន្ធ័​បច្ចេកវិទ្យា Online Scam នៅ​ឧទ្យាន​ហ្កា​ឡាក់​ស៊ី​ភ្នំពេញ ឃាត់ខ្លួន​ជនបរទេស​២១៨​នាក់

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឧទ្យាន​ហ្កា​ឡាក់​ស៊ី​ភ្នំពេញ​ (PHNOM PEΝΗ GALAXY GARDEN)​ ត្រូវបាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ចុះ​ឡោម​ព័ទ្ធឆែកឆេរ​អស់​រយៈពេល​មួយ​ថ្ងៃ មួយ​យប់…

រាជធានី​ភ្នំពេញ ៖ ឧទ្យាន​ហ្កា​ឡាក់​ស៊ី​ភ្នំពេញ​ (PHNOM PEΝΗ GALAXY GARDEN)​ ត្រូវបាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ចុះ​ឡោម​ព័ទ្ធឆែកឆេរ​អស់​រយៈពេល​មួយ​ថ្ងៃ មួយ​យប់ ​បង្ក្រាប​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ​ហើយ​ឃាត់ខ្លួន​ជនជាតិ​បរទេស​ប្រុស​ស្រី ​ចំនួន ២១៨​នាក់ និង​វត្ថុ​តាង​ជា​ច្រើន ​។

ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ​ខែមេសា​ ឆ្នាំ២០២៦ ​ស្ថិត​នៅ​ទីតាំងឧទ្យាន​ហ្កា​ឡាក់​ស៊ី​ភ្នំពេញ​ (PHNOM PEΝΗ GALAXY GARDEN) ភូមិបន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​។

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយលោក ហួត ហៃ អភិបាលរង ​រាជធានី​ភ្នំពេញ​, លោកឧត្តមសេនីយ៍ ទោ ប៊ុ​ន សុ​សិក្ខា ស្នងការ​រង ទទួល​ផែន​ការងារ​សន្តិសុខ​, លោក​ឧត្តមសេនីយ៍ ត្រី ស ថេ​ន ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​, ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​, ការិយាល័យអន្តរាគមន៍ពិសេស, កា​រិ​យា​ល័​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដោយ​បានការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ពី​លោក ជា សា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ក្រុមការងារ​ចម្រុះ បាន​ត្រួតពិនិត្យ​រដ្ឋបាល​ជាក់ស្តែង ​រក​ឃើញ​ជនបរទេស និង​សម្ភារៈ វត្ថុ​តាង​ដូច​ខាងក្រោម ៖ ជនបរទេស​សរុប​ចំនួន ២១៨​នាក់ ស្រី ១០​នាក់ មាន ០៦​សញ្ជាតិ រួម​មាន​ ៖
-ជនជាតិ​ចិន ចំនួន ៩៣​នាក់ ស្រី ០៣​នាក់ (​ចិនតៃវ៉ាន់ ចំនួន ០៥​នាក់​ប្រុស​) គ្មាន​លិខិតឆ្លងដែន ចំនួន ៦១​នាក់, ជនជាតិ​ជប៉ុន ចំនួន០៥​នាក់, ​ជនជាតិ​វៀតណាម ចំនួន ១៧​នាក់ (​ស្រី០១​នាក់​) គ្មាន​លិខិតឆ្លងដែន ០៨​នាក់​, ជនជាតិ​បង់​ក្លា​ដេ​ស ចំនួន ៩១​នាក់ (​ស្រី ០៤​នាក់​) គ្មាន​លិខិតឆ្លងដែន ៣៨​នាក់​,​ជនជាតិ​ឡាវ ចំនួន ០១​នាក់ (​ស្រី​) គ្មាន​លិខិតឆ្លងដែន​,​ជនជាតិ​ឥណ្ឌា ចំនួន ១១​នាក់ (​ស្រី ០១​នាក់​) គ្មាន​លិខិតឆ្លងដែន ០៦​នាក់ ។ ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន កុំព្យូទ័រ All In One ចំនួន​១៣៣ គ្រឿង​,​កុំព្យូទ័រ​យួរដៃ​ចំនួន​៤៤ គ្រឿង, ​ទូរសព្ទ​ដៃ​ចំនួន​៣៩២គ្រឿង​, អេ​ក្រង់​(monitor)​ ចំនួន​១៦ គ្រឿង CPU ចំនួន ១៥គ្រឿង​, Tablet ​ចំនួន ៥ គ្រឿង, ​មួក​នគរបាល​ជប៉ុន​ចំនួន ២មួក​, ​អាវ​នគរបាល​ជប៉ុន ​៥អាវ​,​កាត​នគរបាល​ជប៉ុន​ចំនួន ៤ សន្លឹក​ ។

យោង​តាម​ការ​ធ្វើ​កោសល្យ​វិ​ច័​យ​លើ​សម្ភារៈ​វត្ថុ​តាង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច សន្និដ្ឋាន​បាន​ថា ទីតាំង​ខាងលើ​ជាប់​ពាក់ព័ន្ធ​អំពើឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ក្រោម​រូបភាព​ក្លែងបន្លំ​ជា​នគរបាល​ប្រទេស​ជប៉ុន គោលដៅ​ជនជាតិ​ជប៉ុន ឆបោក​ក្រោម​រូបភាព​លួងលោម​ស្នេហា (ROMANCE SCAMS) និង​ឆបោក​ក្រោម​រូបភាព​វិនិយោគ គោលដៅ​ប្រទេស​ប៉ា​គី​ស្ថាន, ​បង់​ក្លា​ដេ​ស និងវៀតណាម ។ បន្ទាប់​ពី​ចប់​ប្រតិបត្តិការ​ដោយ​ទទួល​បាន​គោលការណ៍​ណែនាំ​ពី​លោក ជា សា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច ចំពោះ​ជនបរទេស​ចំនួន ២១៨​នាក់ ស្រី ១០​នាក់ រួម​និង​សម្ភារៈ​វត្ថុ​តាង​ខាងលើ​ប្រគល់​ជូន ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ