ទីក្រុងតេអេរ៉ង់៖ ដំណឹងស្ដីពីបទឈប់បាញ់រយៈពេល២សប្ដាហ៍រវាងអាមេរិក និងអ៊ីរ៉ង់កាលពីយប់មិញនោះធ្វើឱ្យប្រទេសនានានៅលើសាកលលោកមានចិត្តត្រេកអរព្រោះសង្ឃឹមថាសន្តិភាពនឹងកើតមានឆាប់ៗនេះ។ តាមគម្រោង អាមេរិក និងអ៊ីរ៉ង់នឹងចាប់ផ្ដើមចរចាគ្នាដោយប្រយោលនៅទីក្រុងឥស្លាមម៉ាបាត ប្រទេសអ៊ីរ៉ង់នាថ្ងៃទី១០ ខែមេសាខាងមុខនេះ។

ជាបឋម អាមេរិកយល់ព្រមផ្អាកប្រតិបត្តិការសឹករបស់ខ្លួនរយៈពេល២អាទិត្យ។ ជាថ្នូរត្រឡប់មកវិញ អ៊ីរ៉ង់យល់ព្រមអនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញអាចបើកចេញចូលច្រកហ័រម៉ូសដោយសុវត្ថិភាពរយៈពេល២សប្ដាហ៍ដែរ។ បទឈប់បាញ់នេះកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលផុតឱសានវាទរបស់លោកត្រាំ។ លោកព្រមានកាលពីមុននេះថាបើគ្មានកិច្ចព្រមព្រៀងត្រឹមយប់ថ្ងៃអង្គារទេ អរិយធម៌របស់អ៊ីរ៉ង់នឹងវិនាសអន្តរាយជាមិនខាន។

ខាងក្រោមនេះជាឈ្មោះប្រទេសមួយចំនួនដែលចូលរួមអបអរសាទរបទឈប់បាញ់។ ជាដំបូងគេគឺអ៊ីស្រាអែល។ លោកណឺតាន់យ៉ាហ៊ូបង្ហោះសារនៅលើបណ្ដាញអ៊ិចបង្ហាញការគាំទ្រចំពោះលោកត្រាំដែលសម្រេចចិត្តផ្អាកវាយប្រហារអ៊ីរ៉ង់ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការធានាថាអ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរ មីស៊ីល ឬការគំរាមកំហែងទៅលើសន្តិសុខរបស់អាមេរិក អ៊ីស្រាអែល និងបណ្ដាប្រទេសអារ៉ាប់នៅមជ្ឈិមបូព៌ា។

ប្រទេសអ៊ីរ៉ាក់ក៏អបអរសាទរផងដែរតាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន។ អ៊ីរ៉ាក់សង្កត់ធ្ងន់ថាភាគីទាំង២ត្រូវតែអនុវត្តដូចការសន្យារបស់ខ្លួនដើម្បីឱ្យមានដំណោះស្រាយជាស្ថាពរ។ ក្រសួងការបរទេសអេហ្ស៊ីបចាត់ទុកថាបទឈប់បាញ់នេះជាឱកាសដ៏ល្អបំផុតដែលគេត្រូវតែក្ដាប់ឱ្យជាប់ដើម្បីឈានទៅដល់ការចរចាគ្នាតាមមធ្យោបាយការទូត និងប្រកបដោយការស្ថាបនា។

អគ្គលេខាធិការអង្គការសហប្រជាជាតិក៏ស្វាគមន៍បទឈប់បាញ់នេះផងដែរ និងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមលក្ខខណ្ឌនៃបទឈប់បាញ់ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាពដ៏យូរអង្វែង និងដ៏ទូលំទូលាយនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមអ្នកនាំពាក្យរបស់លោក។ ក្រៅពីនេះមានប្រទេសជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី នូវែលហ្សេ ឡង់សុទ្ធតែបានប្រកាសអបអរសាទរចំពោះបទឈប់បាញ់៕ ប្រភព៖ អាល់ចាស៊ីរ៉ា និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ