ខេត្តពោធិ៍សាត់ ៖ ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជាចុះសង្កេតការណ៍តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងពារជាតិ ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១២:៥៤នាទីរសៀល ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជាចុះសង្កេតការណ៍តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់ ។

លោកជំទាវបានលើកឡើងថា កម្ពុជាសូមសម្តែងនូវការស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្ត ដែលមានបំណងចូលរួមចុះពិនិត្យ និងសង្កេតការណ៍ដោយផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់សំដៅធានាឱ្យបាននូវតម្លាភាព ភាពជឿទុកចិត្តបាន និងភាពត្រឹមត្រូវ ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ ។





ចែករំលែកព័តមាននេះ