អាជ្ញាធរស្រុករលាប្អៀរ ចុះអប់រំសិស្សតាមវិទ្យាល័យ ក្នុងគោលបំណងលប់បំបាត់ សិស្សមានឥរិយាបថមិនសមរម្យ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ មានប្រសាសន៍ថា ត្រូវបញ្ឈប់ជាបន្ទាន់នៅឥរិយាបថមិនសមរម្យជាសិស្ស ដូចជាលាបពណ៌សក់ សក់វែង សក់គ្រវី ពាក់ក្រវិល និងកែច្នៃម៉ូតូខុសបច្ចេកទេសដោយដាក់បំពង់ស៊ីម៉ាំងឮខ្លាំងជាដើម។មានប្រសាសន៍បែបនេះ ក្នុងកម្មវិធីជួបជុំសិស្សវិទ្យាល័យទាំង៤ក្នុងស្រុករលាប្អៀរនាព្រឹកថ្ងៃទី ២៨ខែមេសា ឆ្នាំ ២០២៦។
អភិបាលស្រុករលាប្អៀរ លោក សេង វិចិត្រ បានបញ្ជាក់ថា ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ថ្ងៃនេះរូបលោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះអនុវត្តវិធានការណែនាំដល់សិស្សគ្រប់វិទ្យាល័យទាំង៤ក្នុងស្រុករលាប្អៀរ ដើម្បីឲ្យពួកគាត់ ជាសិស្សដែលជាទំពាំងស្នងឬស្សី ដើរផ្លូវល្អ មានក្រមសីលធម៌ល្អ ជៀសឆ្ងាយពីក្មេងពាលាអាវ៉ាសែ លាបថ្នាំសក់ពណ៌ ទុកសក់វែងសម្រាប់គ្រវី ពាក់ក្រវិល និងកែច្នៃម៉ូតូខុសបច្ចេកទេសជាដើម។
លោកអភិបាលស្រុក រលាប្អៀរបានបន្តថា ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក ត្រូវសហការជាមួយលោកគ្រូអ្នកគ្រូនាយកសាលា ចាំបាច់ត្រូវពិនិត្យលើប្អូនៗជាសិក្សានុសិស្ស តាមដានពិនិត្យមើលជាប្រចាំ លើសសិស្សដែលមានសក់វែង សក់ពណ៌ ចោះក្រវិល២,៣តង់ ស្លៀកពាក់មិនសមរម្យ និងការជក់បារី ឬបារីអេឡិចត្រូនិចជាដើម ។
ត្រួតពិនិត្យតាមដានសកម្មភាពសិស្ស លួចលាក់ប្រមូលផ្ដុំ ជក់បារី ឬអាចដល់ការប្រើប្រាស់គ្រឿង ញៀន បើមានការសង្ស័យ ត្រូវពិនិត្យធ្វើតេស្តទឹកនោមរកសារភាពញៀន ។ ការចាត់វិធានការនេះពុំមែនមើលឃើញថានៅតាមសាលាមានបរិមាណសិស្សមានសកម្មភាពដូចបានរៀបរាប់ខាងលើច្រើននោះទេ ប៉ុន្តែជាការបង្ការទុកជាមុនកុំឲ្យមានកើតឡើងហើយពិបាកនឹងទប់ស្កាត់ ។
ជាមួយគ្នានេះ ក៏សូមអំពាវនាវដល់មាតាបិតាជាអាណាព្យាបាលសិស្ស សូមយោគយល់អធ្យាស្រ័យចំពោះវិធានការនេះ និងសូមចូលរួមទាំងអស់គ្នា ដើម្បីកូនៗរបស់យើងមានឥរិយាបថអវិជ្ជមាន ក្លាយជាសិស្សល្អ មិត្តល្អ កូនល្អអភិវឌ្ឍន៍ខ្លួនទៅជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ។ សូមអំពាវនាវដល់លោកគ្រូអ្នកគ្រូសូមចូលរួមសហការ ហើយប្រសិនឃើញសិស្សណាមិនកែប្រែ សូមទំនាក់ទំនងទៅអាណាព្យាបាល និងអាជ្ញាធរដើម្បីមានវិធានការបន្ថែមទៀត៕












ចែករំលែកព័តមាននេះ