ប្រទេសឥណ្ឌា ៖ នៅក្នុងភូមិ១នៃរដ្ឋអូឌីសា (Odisha) ភាគខាងកើត ប្រទេសឥណ្ឌា កាលពី ពេលថ្មីៗនេះ បានបង្ករឿងដ៏ភ្ញាក់ផ្អើលមួយ ដោយពិធីបុណ្យសពដ៏អធិកអធមមួយត្រូវបានរៀបចំឡើង ដើម្បីបង្ហាញការគោរពដឹងគុណដល់សុនខញីអនាថា១ក្បាលដែលបានលះបង់ជីវីត ការពារសិស្សបឋមសិក្សាជាង៣០នាក់ពីពស់ពិសដ៏កំណាច១ក្បាល បង្កឱ្យមានការសោកសៅយ៉ាងខ្លាំងពីសំណាក់អ្នកភូមិ។
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ទូរទស្សន៍កូរ៉េខាងត្បូងយ៉ុនហាប់ (Yonhap) ដោយ ស្រង់របាយការណ៍ពីទូរទស្សន៍ឥណ្ឌា NDTV និងប្រភពផ្សេងទៀតបានរាយការណ៍អំពីពិធីបុណ្យសពរៀបចំឡើងសម្រាប់សុនខញីអនាថា១ក្បាល ដែលបានការពារអាយុជីវិតកុមាររាប់សិបនាក់ពីពស់ពិសកំណាច។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៨និង៣០ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិឌីរ៉ាគូឡា (Dhirakula) ស្រុកម៉ាយូបាន់ (Mayurbhanj) រដ្ឋអូឌីសា។ នៅព្រឹកនោះ សិស្សបឋមសិក្សា Sri Jagannath Sishu Vidya Mandir ជាង៣០នាក់កំពុងអង្គុយជជែកគ្នាលេងនៅក្រៅទីធ្លាសាលា ដោយមិនចាប់អារម្មណ៍ពស់ពិស១ក្បាលកំពុងវារយ៉ាងលឿនសំដៅមករកពួកគេនោះទេ។ ស្ថិតក្នុងគ្រាដ៏គ្រោះថ្នាក់នោះ សុនខញីអនាថា១ក្បាល ដែលអ្នកភូមិដាក់ឈ្មោះថា កាលី (Kali) បានស្ទុះទៅពាំងពីមុខសិស្សទាំងនោះ មុនពេលតតាំងគ្នាជាមួយពស់ដោយមិនរាថយ។
ជាសំណាងល្អកូនសិស្សទាំងអស់សុទ្ធតែមានសុវត្ថិភាព ប៉ុន្តែជាអកុសល អំឡុងឈុតឆាកប្រយុទ្ធគ្នានោះ កាលី ត្រូវពស់ចឹកចំមាត់ ហើយដោយសារតែពិសរាលដាលលឿនសុនខអនាថាដែលអ្នកភូមិតែងតែឃើញ និងជាទីស្រឡាញ់របស់ភូមិ១ក្បាលនេះ ក៏បានដួលភ្លាមៗ ហើយដាច់ខ្យល់តែម្តង។
ដំណឹងនៃការបាត់បង់ជីវិតកាលី នាំឱ្យអ្នកភូមិមានការសោកសៅយ៉ាងខ្លាំង ហើយជាមួយភាពអង់អាចនេះ អ្នកភូមិបានសម្រេចចិត្តរៀបចំពិធីបុណ្យសពដើម្បីគោរពដឹងគុណកាលីដែលប្តូរជីវីតការពារកុមារក្នុងភូមិ។ អ្នកភូមិបានគ្របសពកាលីជាមួយក្រណាត់ពណ៌សលំអដោយផ្កា ដាក់លើរទេះតូចមួយបង្ហែរជុំវិញភូមិ។ មានរបាយការណ៍ថា ពិធីបុណ្យសពផ្លូវការមួយត្រូវបានធ្វើឡើងបន្ទាប់ពីការបង្ហែរ មុនពេលកាលីត្រូវបានបញ្ចុះ។
អ្នកភូមិម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «កាលីបានជួយសង្គ្រោះជីវិតកូនៗរបស់យើង។ ការលះបង់របស់កាលីនឹងស្ថិតក្នុងចិត្តរបស់យើងជានិច្ច។ បន្ទាប់ពីរឿងរ៉ាវកាលីបានផ្ទុះលើបណ្តាសារព័ត៌មាន បណ្តាអ្នកលេងបណ្តាញសង្គមឥណ្ឌាក៏បានសម្តែងការចូលរួមរំលែកទុក្ខ ដោយបានហៅកាលីថា វីរនារីពិតប្រាកដថែមទៀតផង៕



ចែករំលែកព័តមាននេះ