ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជា​​ឱ្យបិទហើយ​! ទី​សត្តឃា.ត​មួយ​នៅ​ខណ្ឌ​ជ្រោយ​ចង្វា ត្រូវ​អាជ្ញាធរ​​ចុះ​បិទ ​និង​តម្រូវ​ឱ្យ​រុះរើ​ទីតាំងចេញ​

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​សត្តឃាតដ្ឋាន (​កុងស៊ី​កាប់​គោ​-​ក្របី​) ដ៏​ចម្រូងចម្រាស​មួយ​កន្លែង​ដែល​គេ​ស្គាល់​ថា​ជា​របស់​លោក ហ៊​យ ហ៊ា​ង ស្ថិត​ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​សត្តឃាតដ្ឋាន (​កុងស៊ី​កាប់​គោ​-​ក្របី​) ដ៏​ចម្រូងចម្រាស​មួយ​កន្លែង​ដែល​គេ​ស្គាល់​ថា​ជា​របស់​លោក ហ៊​យ ហ៊ា​ង ស្ថិត​ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ បាន​ឈាន​មក​ដល់​ចំណុច​បញ្ចប់​ផ្នែក​ផ្លូវច្បាប់ បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ បាន​ចេញ​សេចក្តីសម្រេច​ចុង​ក្រោយ​ឱ្យ​បញ្ឈប់​អាជីវកម្ម​នៅ​ទីតាំង​បច្ចុប្បន្ន ត្រឹម​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៦​។

យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៦ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កន្លង​មក​ការ​គ្រប់គ្រង​សត្តឃាតដ្ឋាន​នេះ​មាន​ភាព​ធូររលុង បង្ក​ឱ្យ​មាន​ក្លិនស្អុយ​រំខាន​ដល់​អ្នក​ជិតខាង និង​ការ​គ្រប់គ្រង​កាក​សំណល់​មិន​បាន​ត្រឹមត្រូវ​។ ដោយឡែក​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ក៏​ធ្លាប់​បាន​ចុះ​ណែនាំ និង​ធ្វើ​កំណត់ហេតុ​ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​គឺ​លោក ហ៊​យ ហ៊ា​ង មិន​មាន​កិច្ចសហការ​ឡើយ​។

លើស​ពី​នេះ តាម​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដើម​គរ កុងស៊ី​នេះ​បាន​បង្ហូរទឹក​ស្អុយ​លាយឡំ​ដោយ​ឈាម​សត្វ​ចូល​ទៅ​ក្នុង​ដី​ឡូត៍​អ្នក​ជិតខាង បង្ក​ឱ្យ​មានការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​រស់នៅ និង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​។

ករណី​នេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ប្រវត្តិ​នៃ​កុងស៊ី​មួយ​នេះ​ធ្លាប់​បាន​ផ្ទុះ​ការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ពេល​ដែល​អាជីវករ​កាប់​គោ​បាន​លើក​បដា​ប្រឆាំង​នឹង​ម្ចាស់​ទីតាំង ចំពោះ​ការ​ទារ​កម្រៃ​សេវា​ខ្ពស់​ហួសហេតុ និង​ការ​គាបសង្កត់​លើ​អាជីវករ​តូចតាច​។ កាល​ណោះ អាជីវករ​បាន​ចោទប្រកាន់​ថា ម្ចាស់​កុងស៊ី​បាន​ជំរិត​ទារប្រាក់​គ្រប់​សព្វបែបយ៉ាង ចាប់ពី​ការ​ចូល​កាប់ រហូត​ដល់​ការ​លក់​ឆ្អឹង និង​ស្បែក​គោ ដែល​ធ្វើ​ឱ្យ​ពួក​គេ​រកស៊ី​ខាតបង់​វណ្ឌ​ក​។

អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​បំផុត​គឺ​របាយការណ៍​ដែល​ថា ទីតាំង​នេះ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ ដោយ​ប្រើប្រាស់​ទឹក​អណ្តូង​លាយឡំ​ជាមួយ​ទឹក​ស្អុយ​មក​លាង​សម្អាត​សាច់ ដែល​ជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​បទដ្ឋាន​សុខាភិបាល​។

យោង​តាម​លិខិតអនុញ្ញាត​បង្កើត​សត្តឃាតដ្ឋាន អាជ្ញា​បណ្ណ​របស់​លោក ហ៊​យ ហ៊ា​ង មាន​សុពលភាព​តែ​០៥​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២១ និង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៦​។

ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់​ថា មិន​អនុញ្ញាត​ឱ្យ​បន្ត​អាជ្ញា​បណ្ណ​នៅ​ទីតាំង​ចាស់​ទៀត​ឡើយ​។ ម្ចាស់​អាជីវកម្ម​ត្រូវ ស្វែងរក​ទីតាំង​ថ្មី ដែល​សម​ស្រប និង​មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ។ ផុតកំណត់​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៦ អាជីវកម្ម​នេះ​ចាត់​ទុក​ថា ជា​អាជីវកម្ម​ខុសច្បាប់​។

ទោះបីជា​មាន​សេចក្តីជូនដំណឹង​តឹង​រឹង​ពី​លោក លី​ម សុភា អភិបាល​ខណ្ឌ និង​លោក ពេញ ធារ​ម្យ អភិបាលរង​រាជធានី​ភ្នំពេញ​ក៏​ដោយ ប៉ុន្តែ​សេចក្តីរាយការណ៍​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា ទីតាំង​នេះ​នៅ​តែ​បន្ត​ដំណើរការ​ជា​ធម្មតា​។ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ជ្រោយចង្វារ កំពុង​ទទូច​ស្នើ​សុំ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​បញ្ឈប់​ការ​បង្ហូរទឹក​ស្អុយ និង​ឈាម ដែល​កំពុង​បំផ្លាញ​បរិស្ថាន​រស់នៅ​របស់​ពួក​គេ​ជា​រៀងរាល់ថ្ងៃ​។

នេះ​គឺជា​ការ​សាកល្បង​មួយ​លើ​ប្រសិទ្ធភាព​នៃ​ច្បាប់ និង​វិធានការ​រដ្ឋបាល​។ ប្រសិនបើ​អាជ្ញាធរ​មិន​មាន​វិធានការ​បង្ខំ​ឱ្យ​បិទ​តាម​ឱសានវាទ​ទេ​នោះ វា​នឹង​ក្លាយជា​គំរូ​អាក្រក់​សម្រាប់​អាជីវកម្ម​ផ្សេង​ទៀត​ដែល​មិន​គោរព​ច្បាប់បរិស្ថាន និង​សុខភាព​សាធារណៈ​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ នៅ​មិន​ទាន់​មានការ​បកស្រាយ​ណាមួយ​ពី​លោក ហ៊​យ ហ៊ា​ង ម្ចាស់​ទីតាំង​សត្តឃាត​ខាងលើ​នេះ​នៅ​ឡើយ​ទេ​។ ក្រុមការងារ​យើង​ខ្ញុំ រង់ចាំ​ការ​បំភ្លឺ​ពី​លោក ហ៊​យ ហ៊ា​ង ជុំវិញ​បញ្ហា​នេះ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ