ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងរីករាយ ! កំណើតកូនផ្សោតទន្លេមេគង្គទី៦ នាំមកនូវក្តីសង្ឃឹមសម្រាប់ការអភិរក្សនៅដើមឆ្នាំ២០២៦

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កូន​ផ្សោត​ទន្លេមេគង្គ ទើប​កើត​ថ្មី​ចំនួន​១​ក្បាល ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​អន្លង់​ផ្សោត​កាំ​ពី ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ នា​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ កូន​ផ្សោត​ទន្លេមេគង្គ ទើប​កើត​ថ្មី​ចំនួន​១​ក្បាល ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​អន្លង់​ផ្សោត​កាំ​ពី ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ នា​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៦ ។ នេះ​បើ​តាម​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ។

ប្រភព​ថា កូន​ផ្សោត​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម​ផលិត​ព័ត៌មាន​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​វេលា​ម៉ោង​១៥:២០​នាទី​រសៀល ហើយ​ក៏​ត្រូវ​បាន​ចុះ​ផ្ទៀងផ្ទាត់​ដោយ​ក្រុមការងារ​ស្រាវជ្រាវ​នៃ​អគ្គនាយកដ្ឋាន​ជលផល​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ និង​អង្គការ WWF ផង​ដែរ ។

កូន​ផ្សោត​នេះ មាន​អាយុប្រមាណ​៣​ថ្ងៃ មាន​សុខភាព​ល្អ និង​កំពុង​ហែល​លេង​ជាមួយ​ក្រុម​សត្វ​ផ្សោត​ពេញវ័យ ប្រមាណ ៦​ក្បាល​ផ្សេង​ទៀត ។ នេះ គឺជា​កូន​ផ្សោ​តទី​៦ ហើយ​ដែល​ត្រូវ​បាន​កត់ត្រា​នៅ​ដើមឆ្នាំ​២០២៦ ។

តាម​រយៈ​វត្តមាន​ថ្មី​នៃ​កូន​ផ្សោត​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​នៅ​កម្ពុជា កើនឡើង​ដល់​ចំនួន​សរុប​១១៨​ក្បាល ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​សម្តែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​ឆ្មាំ​ទន្លេ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​តែងតែ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ថែរក្សា និង​ការពារ​ធនធាន​ជលផល​ដ៏​មាន​តម្លៃ​នេះ ។ កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​ស្ថាប័នរដ្ឋ អង្គការ​ដៃគូ និង​សហគមន៍​មូលដ្ឋាន គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​រក្សា​បាន​នូវ​កំណើន​សត្វ​ផ្សោត​ជា​បន្តបន្ទាប់ ។

ទន្ទឹម​នឹង​លទ្ធផល​ដ៏​គាប់ប្រសើរ​នេះ ក្រសួង​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ និង​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​កិច្ចសហការ និង​ចូលរួម​ការពារ​សត្វ​ផ្សោត​ដែល​ជា​រតនសម្បត្តិ​ជាតិ​មានជីវិត​របស់​យើង តាម​រយៈ​ការ​ចូលរួម​ថែរក្សា​បរិស្ថាន​ទន្លេ និង​គោរព​តាម​ការ​ណែនាំ​របស់​ឆ្មាំ​ទន្លេ ដើម្បី​ឱ្យ​កូន​ផ្សោត​តូច​ៗ​ទាំងនេះ​អាច​ធំធាត់​ដោយ​សុវត្ថិភាព ។ ការ​ចូលរួម​របស់​បងប្អូន គឺជា​ដង្ហើមរស់​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ ។

ប្រសិនបើ​បងប្អូន​បាន​ប្រទះ​ឃើញ​សត្វ​ផ្សោត ជា​ពិសេស​កូន​ផ្សោត សូម​រួសរាន់​ផ្តល់​ព័ត៌មាន មក​សមត្ថកិច្ច​ជលផល​តាម​រយៈ​លេខ​ទូរស័ព្ទ ៖ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧៨១៨ ៣៨២ ដើម្បី​រួម​គ្នា​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ឱ្យ​បាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​រៀង​រហូត​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ