ទីក្រុងតេអេរ៉ង់៖ រូបគំនូរនៅលើជញ្ជាំង (mural) មួយផ្ទាំងកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើពិភពលោក។ រូបនោះមានលាយចម្រុះគ្នារវាងអតីតមេដឹកនាំកំពូលអាយ៉ាតូឡា អាលី ខាមេនី (ដែលត្រូវជាឪពុកមេដឹកនាំថ្មី) ឡូកឡំជាមួយរូបមេដឹកនាំកំពូលថ្មី លោកម៉ុចតាបា ខាមេនី (Mojtaba Khamenei) ដែលជាហេតុធ្វើឱ្យគេសង្ស័យថាតិចលោម៉ុចតាបាស្លាប់បាត់ទេដឹង ឬបើមិនដល់ថ្នាក់ស្លាប់ទេក៏រងរបួសធ្ងន់ធ្ងរបំផុតផងដែរ។

គេដឹងថានៅថ្ងៃដែលយោធាអាមេរិក និងអ៊ីស្រាអែលវាយប្រហារលំនៅដ្ឋានរបស់ឪពុកលោកកាលពីថ្ងៃទី២៨ ខែកុម្ភៈនោះ លោកម៉ុចតាបាក៏ស្ថិតនៅទីនោះដែរ។ កូនៗ និងប្រពន្ធរបស់គាត់ស្លាប់អស់រលីង។ រូបគំនូរនៅលើជញ្ជាំងនោះបង្ហាញជាសាធារណៈនៅទីក្រុងម៉ាស់ហាត អាដេហាល់ (Mashhad Ardehal) និងមានចំណងជើងថា «ទុក្ករបុគ្គលដែលបូជាជីវិតក្នុងវីរភាពអស្ចារ្យ»។

នៅក្នុងចំណោមនោះក៏មានរូបអតីតមេបញ្ជាការកងទ័ពអ៊ីរ៉ង់ និងអ្នកនយោបាយអ៊ីរ៉ង់ដែលបានស្លាប់ក្រោមស្នាដៃរបស់អាមេរិក និងអ៊ីស្រាអែល។ ឧទាហរណ៍ លោកកាសឹម សូឡេម៉ានី (Qassem Soleimani) ដែលត្រូវដ្រូនរបស់អាមេរិកបាញ់សម្លាប់ដោយមីស៊ីល២គ្រាប់, លោកអេប្រាហ៊ីម រ៉ៃស៊ី ជាអតីតប្រធានាធិបតីអ៊ីរ៉ង់ដែលស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ និងបិតាស្ថាបនិកសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ លោកអាយ៉ាតូឡា រ៉ូហ៊ូឡា ខូមេនី (Ayatollah Ruhollah Khomeini)។

រូបនៅលើជញ្ជាំងនោះត្រូវគេចែកចាយពីមួយទៅមួយតាមបណ្ដាញសង្គម ហើយបានបំផុសជាចម្ងល់ថាតើមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោកម៉ុចតាបា ខាមេនី មានជោគវាសនាយ៉ាងណាហើយនៅពេលនេះ? ឬក៏គាត់បានទទួលមរណភាពបាត់ទៅហើយ? នេះជាសំណួរដែលគេចង់បានចម្លើយណាស់ព្រោះចាប់តាំងពីក្រោយថ្ងៃផ្ទុះសង្គ្រាមអ៊ីរ៉ង់ដំបូងរហូតមកដល់ពេលនេះ គេពុំដែលឃើញគាត់បង្ហាញមុខជាសាធារណៈទាល់តែសោះ។

កាលពីពេលកន្លងមក សារព័ត៌មានរបស់រដ្ឋអ៊ីរ៉ង់ចេញផ្សាយសេចក្ដីថ្លែងការណ៍របស់គាត់តាមរយៈការអានរបស់ពិធីករតែប៉ុណ្ណោះ។ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ថាស់នីម (Tasnim) បាននិយាយរំលឹកទៅដល់លោកម៉ុចតាបាថាគាត់ជា «មេដឹកនាំលះបង់ជីវិតដើម្បីបដិវត្ត»។ ក្រោយមក មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់កែតម្រូវការផ្សាយនោះឡើងវិញដោយចាតទុកថានោះជាកំហុសបច្ចេកទេស។ ដូចនេះ ជោគវាសនារបស់មេដឹកនាំកំពូលរូបនេះយ៉ាងណានៅតែជាអាថ៌កំបាំងដដែល៕ ប្រភព៖ យួរ៉ូ ញូស៍ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ