សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការចង់សន្សំសំចៃពេលវេលា និងថវិកាតាមរយៈការញ៉ាំអាហារស្រួលៗ អាចជាការសម្លាប់តម្រងនោមដោយមិនដឹងខ្លួន។
បើតាមករណីបុរសវ័យ ៤០ ឆ្នាំម្នាក់ ដែលឧស្សាហ៍ហត់នឿយ និងហើមជើង គ្រូពេទ្យបានរកឃើញថា មុខងារតម្រងនោមរបស់គាត់បានចុះខ្សោយយ៉ាងខ្លាំងស្មើនឹងមនុស្សចាស់អាយុ ៨០ ឆ្នាំ។ មូលហេតុពិតប្រាកដមិនមែនមកពីជំងឺទឹកនោមផ្អែមនោះទេ ប៉ុន្តែគឺមកពីទម្លាប់ញ៉ាំ «អាហារកែច្នៃកម្រិតខ្ពស់» ជារៀងរាល់ល្ងាច។
របបអាហារដែលបុរសរូបនេះនិយមញ៉ាំ ៤-៥ ដងក្នុងមួយសប្តាហ៍រួមមាន៖ មីកញ្ចប់ សាច់ក្រក និងទឹកក្រូចហ្គាស។ អ្នកជំនាញខាងតម្រងនោមបានពន្យល់ថា អាហារកែច្នៃទាំងនេះសម្បូរទៅដោយសារធាតុដែលបង្កឱ្យមានការកកកំបោរក្នុងសរសៃឈាម និងបំផ្លាញតម្រងនោមយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះ ជាតិសូដ្យូមសារធាតុរក្សាគុណភាព និងពណ៌ ដែលមានក្នុងអាហារទាំងនោះ សុទ្ធតែជាបន្ទុកដ៏ធ្ងន់ដែលតម្រងនោមត្រូវប្រឹងបញ្ចេញចោល។ ការសិក្សាលើមនុស្ស ៥០០,០០០ នាក់បានបង្ហាញថា ប្រសិនបើអ្នកបង្កើនការញ៉ាំអាហារកែច្នៃត្រឹម ១០% ហានិភ័យនៃជំងឺខ្សោយតម្រងនោមនឹងកើនឡើង ៧% ភ្លាមៗ។
ដំណោះស្រាយដ៏សាមញ្ញតែមានប្រសិទ្ធភាពបំផុតគឺ៖ ឈប់ញ៉ាំអាហារកែច្នៃ ហើយងាកមកញ៉ាំអាហារធម្មជាតិ និងផឹកទឹកឱ្យបានច្រើន។ ជាលទ្ធផល បន្ទាប់ពីបុរសរូបនោះផ្លាស់ប្តូររបបអាហារបាន ៣ ខែ មុខងារតម្រងនោមរបស់គាត់បានល្អប្រសើរឡើងវិញយ៉ាងច្បាស់លាស់។ នេះជាមេរៀនសម្រាប់អ្នកដែលរវល់ខ្លាំង៖ កុំដោះដូរការសន្សំសំចៃរយៈពេលខ្លី ជាមួយសុខភាពតម្រងនោមពេញមួយជីវិតរបស់អ្នក៕
ចែករំលែកព័តមាននេះ