ខេត្តបាត់ដំបង ៖ ក្រុមជនទុច្ចរិតដែលសកម្មបំផុតរឿងបំផ្លិចបំផ្លាញផ្ដាច់ពូជមច្ឆជាតិនៅតំបន់ទន្លេសាប ត្រូវបានកម្លាំងយោធភូមិគាគទី៥ សហការជាមួយកម្លាំងយោធាខេត្តផង ចុះឡោមព័ទ្ធឃាត់ខ្លួនបានចំនួន០៨នាក់ ពេលដែលក្រុមជនទុច្ចរិតទាំងនេះ កំពុងផ្ដុំគ្នាប្រើប្រាស់ឧបករណ៍ខុសច្បាប់ «ឆក់ត្រី»កាលពីរសៀលថ្ងៃទី២៦ មេសា នៅតំបន់ហាមឃាត់ ស្ថិតក្នុងភូមិសាស្ត្រ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ។

ប្រភពព័ត៌មានពីមន្ត្រីប្រតិបត្តិការបានឲ្យដឹងថា កម្លាំងយោធាដែលទទួលបទបញ្ជាពីលោកមេបញ្ជាការយោធភូមិភាគទី៥ ក្នុងបេសកកម្មបង្ក្រាបបទល្មើសនេសាទបានឆ្មក់ចូលទៅឡោមព័ទ្ធពួកអ្នកលួច «ឆក់ត្រី» ដ៏មមារញឹកមួយក្រុម នៅក្នុងបឹងធម្មជាតិមួយកន្លែង ពេលដែលពួកគេកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ។

ប្រភពដដែលបានប្រាប់ថា ក្នុងកិច្ចប្រតិបត្តិការនោះ គេបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ សម្ភារ ឬឧបករណ៍ «ឆក់ត្រី»ចំនួន០៨ឈុត និងម៉ូតូចំនួន០៨គ្រឿង ដែលជាមធ្យោបាយជិះប្រព្រឹត្តបទល្មើសនេសាទ ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិ និងភារកិច្ចជាអទិភាពដល់កម្លាំងយោធភូមិទី៥ ដឹកនាំជួរមុខក្នុងការចុះ«ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ»នៅតំបន់ទន្លេសាប រីឯស្ថាប័នជំនាញជលផល និងស្ថាប័នពាក់ព័ន្ធដទៃទៀត ត្រូវបានគេផាត់ចេញឲ្យទៅឈរនៅជួរក្រោយវិញម្ដង គ្រាន់ជាកម្លាំងជួយសហការ ។

ពីព្រោះលោកមន្ត្រីជំនាញទាំងនោះ មានភារកិច្ចចុះបង្ក្រាបបទល្មើសរាប់សិបឆ្នាំកន្លងមក ស្គាល់មុខមេខ្លោងបទល្មើសនេសាទច្រើនពេក។បង្ក្រាបតាំងពីសំបូរត្រី រហូតត្រីស្ទើរដាច់ពូជពីបឹងទន្លេសាប ។ តាំងពីបទល្មើសកើតមានតិចតួច រហូតបទល្មើសកើតស្អេកស្កះពេញបឹងទន្លេសាប ។

យ៉ាងណា មួយរយៈចុងក្រោយនេះ ត្រីបឹងទន្លេសាប ហាក់មានការកើនឡើងវិញហើយ។ នេះបើតាមការលើកឡើងពីប្រជាពលរដ្ឋរស់នៅតំបន់ទន្លេសាប ៕



ចែករំលែកព័តមាននេះ