យោងតាមការចុះផ្សាយពីប្រភពរទេស ឈានចូលវ័យ ៤០ ឆ្នាំ អារម្មណ៍វិលមុខ ធីងធោង ឬងងឹតមុខឈឹង មិនមែនជារឿងធម្មតាដែលគួរមើលរំលងឡើយ។
បើតាមប្រសាសន៍របស់វេជ្ជបណ្ឌិតជំនាញ ស្ថានភាពនេះមិនមែនជាជំងឺដោយឡែកទេ ប៉ុន្តែវាគឺជា «សញ្ញាអាសន្ន» នៃបញ្ហាសុខភាពជាច្រើនដែលកំពុងលាក់ខ្លួនក្នុងរាងកាយ។
មូលហេតុចម្បងនៃជំងឺវិលមុខក្នុងវ័យនេះ រួមមានការចុះខ្សោយនៃប្រព័ន្ធតុល្យភាព ការថយចុះគំហើញ និងបញ្ហាសរសៃឈាមបេះដូង។ សម្រាប់បុគ្គលិកការិយាល័យ ការអង្គុយយូរក្នុងឥរិយាបថមិនត្រឹមត្រូវដែលប៉ះពាល់ដល់ក-ស្មា-កញ្ចឹងក ក៏ជាដើមហេតុបង្កឱ្យខ្វះឈាមទៅចិញ្ចឹមខួរក្បាល និងវិលមុខផងដែរ។ អ្វីដែលគ្រោះថ្នាក់បំផុតនោះគឺ វិលមុខអាចជាសញ្ញាដំបូងនៃ «គ្រោះថ្នាក់សរសៃឈាមខួរក្បាល» ឬ «ជំងឺបេះដូង» ប្រសិនបើវាអមមកជាមួយនូវអាការឈឺក្បាលខ្លាំង និយាយមិនច្បាស់ វៀចមាត់ ឬទន់ដៃជើង។
ដើម្បីការពារ និងដោះស្រាយ អ្នកគួរអនុវត្តតាមតិចនិកសាមញ្ញៗដូចជា៖ ក្រោកឈរឬផ្លាស់ប្តូរឥរិយាបថយឺតៗ ផឹកទឹកឱ្យបានគ្រប់គ្រាន់ និងគេងឱ្យបាន ៧-៨ ម៉ោងក្នុងមួយយប់។ ការកាត់បន្ថយអាហារប្រៃ គ្រឿងស្រវឹង និងការហាត់ប្រាណបែបយូហ្កា ឬដើរជាទៀងទាត់ នឹងជួយពង្រឹងប្រព័ន្ធតុល្យភាពឱ្យរឹងមាំ។
ប្រសិនបើអាការវិលមុខកើតឡើងញឹកញាប់ ឬអមដោយការក្អួតចង្អោរខ្លាំង អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីពិនិត្យ និងព្យាបាលឱ្យចំគោលដៅ៕
ចែករំលែកព័តមាននេះ