ខ្យល់កន្ត្រាក់បំផ្លាញផ្ទះជិត៣០ខ្នងនៅស្រុកសង្កែ ខណៈទុរ៉េនរាប់ពាន់ផ្លែជ្រុះធ្លាក់រាយប៉ាយពេញដីនៅស្រុកសំឡូត
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយ ផ្គររន្ទះ និង ខ្យល់កន្ត្រាក់ ដ៏គូរឲ្យខ្លាចផង បានប៉ះទង្កិចទៅលើស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី ២៦ មេសា ប៉ុន្តែស្រុកសង្កែ និង ស្រុកសំឡូត បានរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារ«ខ្យល់កន្ក្រាក់ ធ្វើឲ្យខូចខាតផ្ទះរាប់សិបខ្នង និង ខូចខាតដំណាំទុរ៉េនជាច្រើនចម្ការ។ របាយការណ៏ដែលកោះសន្តិភាពទទូលបាន មានស្រុកចំនួន០២ គឺស្រុកសង្កែ និង ស្រុកសឡូត ដែលរងការវាយប្រហារដោយខ្យល់កន្ត្រាក់ធ្ងន់ធ្ងរជាងគេ ខណៈតាមបណ្ដាស្រុកចំនួនទៀត គ្រាន់តែរងផលប៉ះពាល់បន្តិចបន្ទូច។
យោងតាមរបាយការណ៏ដដែលបានឱ្យដឹងថា ស្រុកសង្កែ ខ្យល់កន្ត្រាក់បានវាយប្រហារប៉ះទៅលើឃុំចំនួន០៣ គឺ ឃុំអន្លង់វិល ខូចខាតផ្ទះអស់ចំនួន០៣ខ្នង ដោយសារបង្គោលភ្លើងចំនួន០២ដើមរលំសង្កត់លើ និង រលំដើមឈើចំនួន០២ដើម។ ដោយឡែកនៅឃុំអូរដំបង២ ខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន២៧ខ្នង ខណៈនៅឃុំវត្តតាមិម ខូចខាតអស់ចំនួន០២ខ្នង សរុបទាំងអស់ខូចខាតអស់ចំនួន៣២ខ្នង។
អធិការស្រុកសង្កែ លោក យុត តុងហូរ បានប្រាប់បន្ថែមថា ខ្យល់កន្ត្រាក់បានបោកបក់ខ្លាំងកាលពីម្សិលម៉ិញទៅលើទឹកដី ឃុំអូរដំបង២ ធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋ ក្នុងឃុំនេះខូចខាតអស់ច្រលនជាងគេ ដែលភាគច្រើនច្រើនខូចខាតដំបូល តែពុំមានគ្រោះថ្នាក់មនុសុ្សទេ។
ដោយឡែកនៅឯស្រុកសំឡូតវិញ ដែលជាស្រុកមួយសំបូរដំណាំយុទ្ធសសាស្ត្រច្រើនជាងគេ ភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់បានកើតឡើង ស្ទើរព្រមៗគ្នា ក្នុងថ្ងៃដដែល។ ខ្យល់កន្ត្រាក់បានធ្វើឲ្យខូចខាតផ្ទះពលរដ្ឋអស់តែចំនួន០៣ខ្នង ក្នុងនោះមានសាលាបឋមសិក្សាមួយខ្នងផង នៅក្នុងឃុំស៊ុង ប៉ុន្តែប៉ះពាល់ ធ្វើឲ្យខូចខាតដំណាំទុរ៉េនប្រមាណ ១៧ ចម្ការឯណោះ។ តាមរយៈរបាយការណ៏ អធិការស្រុកសំឡូត លោក មែន រីម បានឲ្យដឹងថា ភ្លៀងមិនសូវខ្លាំងប៉ុន្មានទេ តែខ្យល់កន្ត្រាក់បានវាយប្រហារខ្លាំងសម្បើមណាស់កាលពីម្សិលម៉ិញ។ លោកអធិការបាននិយាយថា នៅក្នុងភូមិសាស្ត្រ ឃុំស៊ុង ហាក់ប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយសារខ្យល់កន្ត្រាក់នេះ។
ចម្ការទុរ៉េនចំនួន១៧កន្លែង បានរងការខូចខាត។ ដើមទុរ៉េនខ្លះរលំ ខ្លះបាក់មែក។ ប៉ុន្តែអ្វីដែលគូរឲ្យសោកស្ដាយបំផុត គឺ ផ្លែទុរ៉េនជិត៣,០០០ផ្លែ ដែលជិតដល់រដូវប្រមូលផលទៅហើយ ត្រូវខ្យល់កន្ត្រាក់ដ៏អាក្រក់នេះ វាយទម្លាក់ធ្លាក់រាយប៉ាយពាសពេញដី នៅតាមចម្ការនីមួយៗ។ ម្ចាស់ចម្ការបានត្រិមដើរពិនិត្យមើលផ្លែទុរ៉េនដែលធ្លាក់រាយប៉ាយពេញដីជាមួយនឹងទឹកភ្នែកហូរដ៏គូរឲ្យសោកស្ដាយបំផុត៕
















ចែករំលែកព័តមាននេះ