ទីក្រុងស្តក់ហូម៖ ពេញមួយឆ្នាំ២០២៥កន្លងទៅនេះ ពិភពលោកចំណាយលើវិស័យការពារជាតិកើនឡើងលើសមុន២,៩%បើប្រៀបធៀបនឹងឆ្នាំ២០២៤ទោះបីអាមេរិកកាត់បន្ថយខ្ទង់ចំណាយរបស់ខ្លួនលើវិស័យនេះ៧,៥%ក៏ដោយ។ អាមេរិកកាត់បន្ថយខ្ទង់ចំណាយដោយសារលោកដូណាល់ត្រាំផ្អឹបទុកជំនួយយោធាសម្រាប់អ៊ុយក្រែន។ ខាងលើនេះជាការអះអាងរបស់ក្រុមអ្នកវិភាគអំពីជម្លោះប្រដាប់អាវុធនៅលើសាកលសាលដែលបានចេញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះ។

ខ្ទង់ចំណាយសរុបទូទាំងសាកលលោកកើនឡើងដល់២,៨៩ទ្រីលានដុល្លារកាលពីឆ្នាំ២០២៥ មានន័យថាខ្ទង់ចំណាយកើនឡើងរយៈពេល១១ឆ្នាំជាប់គ្នា ហើយធ្វើឱ្យខ្ទង់ចំណាយនេះមានចំណែក២,៥%នៃផលិតផលសរុបក្នុងស្រុក ជីឌីភី (GDP)។ នេះជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៩។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវអំពីសន្តិភាពនៅទីក្រុងស្តក់ហូម ប្រទេសស៊ុយអែត។

របាយការណ៍ដដែលនេះសរសេររៀបរាប់បន្តទៀតថាដោយសារពិភពលោកជួបប្រទះនឹងវិបត្តិកាន់តែខ្លាំង គួបផ្សំនឹងការដាក់គោលដៅចំណាយលើវិស័យយោធារយៈពេលវែងរបស់ប្រទេសជាច្រើន គេគិតថាខ្ទង់ចំណាយលើវិស័យនេះទំនងជាបន្តកើនឡើងនៅឆ្នាំ២០២៦នេះ និងឆ្នាំក្រោយៗទៀត។ ប្រទេសចំនួនបីដែលចំណាយលើវិស័យយោធាច្រើនដាច់គេនៅលើលោកគឺអាមេរិក ចិន និងរុស្ស៊ី។ គ្រាន់តែប្រទេសទាំងបីនេះបូកបញ្ចូលគ្នាចំណាយលើវិស័យយោធា១,៤៨ទ្រីលានដុល្លារ ពោលគឺស្មើនឹង៥១%នៃខ្ទង់ចំណាយសរុបទូទាំងសាកលលោក។

ខ្ទង់ចំណាយរបស់អាមេរិកលើវិស័យយោធាថយចុះមកនៅ៩៥៤ពាន់លានដុល្លារកាលពីឆ្នាំ២០២៥ ដោយសារអាមេរិកមិនបានផ្ដល់ជំនួយហិរញ្ញវត្ថុសម្រាប់ទិញអាវុធឱ្យអ៊ុយក្រែន។ ខ្ទង់ចំណាយរបស់អាមេរិកសម្រាប់អ៊ុយក្រែននៅក្នុងរយៈពេលបីឆ្នាំមុននេះមានចំនួនសរុប១២៧ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក្ដី របាយការណ៍ខាងលើយល់ថាអាមេរិកកាត់បន្ថយខ្ទង់ចំណាយសម្រាប់អ៊ុយក្រែនត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ៕ ប្រភព៖ អារ៉ាប់ ញូស៍ (Arab News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ