រាជធានីភ្នំពេញ ៖ទាន់ចិត្តណាស់ ! នគរបាលខណ្ឌដូនពេញ ស្រាវជ្រាវដកហូតលុយ២ម៉ឺនយ៉េន ប្រគល់ជូនភ្ញៀវជនជាតិជប៉ុនវិញ និងឃាត់ខ្លួនម្ចាស់ហាងម៉ាស្សាបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួចលុយភ្ញៀវ កាលពីយប់ថ្ងៃទី២៤ មេសា ។
ជាក់ស្តែងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រកាសនាព្រឹកថ្ងៃទី២៧ ខែមេសានេះថា ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ កំពុងកសាងសំណុំរឿងបញ្ជូនបុរសម្នាក់ ម្ចាស់ទីតាំងហាងម៉ាស្សា ពាក់ព័ន្ធសមគំនិតជាមួយបុគ្គលិកស្ត្រី ដែលបានលួចលុយភ្ញៀវជនបរទេស ចំនួន២ម៉ឺនយ៉េន (ជប៉ុន) ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ក្រោយសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងដកហូតលុយដែលបាត់បង់នោះ ប្រគល់ឲ្យជនបរទេសជាជនជាតិជប៉ុននោះវិញ ។
ដោយឡែក ចំពោះបុគ្គលិកស្ត្រី ២នាក់ កំពុងគេចខ្លួនដែលបានធ្វើសកម្មភាពលួចលុយភ្ញៀវ(ជនជាតិជប៉ុន)ចូលទទួលសេវាម៉ាស្សា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២៣និង០០នាទី នៅចំណុចផ្ទះលេខ៥១ ផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បច្ចុប្បន្នសមត្ថកិច្ច ជំនាញកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន ដើម្បីយកមកអនុវត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ