ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​៖​ រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹង​ប្រែង​​ប្រកបដោយ​ឆន្ទៈ​មោះមុត ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​គូសបញ្ជាក់​ថា​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ ​មោះមុត ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​គូសបញ្ជាក់​ថា​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ ​មោះមុត ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ ដោយ​បាន​ជំរុញ​ឱ្យ​មាន​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស បន្ត​កើនឡើង​យ៉ាង​ខ្លាំងក្លា​គួរ​ជាទី​មោ​ទ​នៈ​ ។

ជាក់ស្តែង ក្នុង​រយៈពេល​ពីរ​ខែ​នា​ដើមឆ្នាំ​២០២៦​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ ផ្ទាល់​ពី​បរទេស​សរុប​ចំនួន១០៥​គម្រោង ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ៩៦៦​លាន​ដុល្លារ​អាម៉េរិកដែល​នឹង​បង្កើត​ឱកាស​ការងារ​បន្ថែម​ទៀត​ជូន​ប្រជាពល​រដ្ឋ​។

បន្ថែម​លើ​នេះ គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៦ ​នេះ ចំនួន​សហគ្រាស ក្រុមហ៊ុន រោងចក្រ បាន​កើនឡើង​ដល់​ចំនួន​៤៧​០២៩ សហគ្រាស ជាមួយនឹង​ចំនួន​កម្មករ និយោជិត​សរុប​កើន​ឡើង​ដល់​ប្រមាណ២,៣​លាន​នាក់​​ ​។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ ។

តាម​រយៈ​សារលិខិត​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​១៤០ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៦ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ថែម​ថា រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​ផ្តល់​អាទិភាព​ខ្ពស់​លើ​ការ​លើកកម្ពស់​ជីវភាព​របស់​បងប្អូន​កម្មករនិយោជិត​ទោះបីជា ស្ថិត​ក្នុង​ស្ថាន​ភាព​សេដ្ឋកិច្ច​សកល​ដែល​ពោរពេញ​ដោយ​ភាព​មិន​ប្រាកដប្រជា និង​រង​សម្ពាធ​វិបត្តិ​ដែល​បង្ក​ការ​រាំងស្ទះ​ដល់​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ក៏​ដោយ​។

ក្នុង​ស្មារតី​នេះ រាជរដ្ឋាភិបាល​បាន​ស​ម្រេច​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែមចំនួន​២​ដុល្លារ​អាម៉េរិក ដែល​ធ្វើ​ឱ្យប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​ និង​កាបូប​កើនឡើង​ដល់​២១០​ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ​។ ក្រៅពី​ការ​ដំឡើង​ប្រាក់​ឈ្នួល រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​សម្រួល ដល់​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ក្នុងអំឡុងពេល​វិបត្តិ​សកល​។

លើស​ពី​នេះ តាម​រយៈ​ការ​ពិភាក្សា​ និង​ឯកភាព​ជាមួយ ភាគី​និយោជក រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​បណ្តោះអាសន្ន​ចំនួន​២,៥០​ដុល្លារ​អាម៉េរិក បន្ថែម​លើ​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​ និង​ស្នាក់​នៅ​ដែល​មាន​ស្រាប់ រហូត​ដល់​ស្ថានភាព​តម្លៃ​ប្រេងឥន្ធនៈ​វិល​ត្រឡប់​មក​រក​ប្រក្រតី​ភាព​វិញ​ ។

ជា​លទ្ធផល ដោយ​បូក​បញ្ចូល​ទាំង​អត្ថប្រយោជន៍​ជា​កាតព្វកិច្ច​ផ្សេង​ៗ​ និង​ប្រាក់​សោហ៊ុយ ធ្វើ​ដំណើរ​បណ្តោះអាសន្ន​នេះ កម្មករនិយោជិត​ម្នាក់​ៗ​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ជាក់
ស្តែង​ទាប​បំផុត​ចន្លោះ ២២៩,៥ ដល់ ២៤០,៥​ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ​។

រាជរដ្ឋាភិបាល​បាន​និង​កំពុង​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​លើកកម្ពស់​សុវត្ថិ​ភាព​និង​សុខភាព​ការងារ នៅ​កន្លែងធ្វើការ​របស់​បងប្អូន​កម្មករនិយោជិត តាម​រយៈ​ការ​ពង្រឹង​និង​ពង្រីក​យន្តការ​តាមដាន​ត្រួតពិនិត្យ ប្រព័ន្ធ​សុវត្ថិភាព​និង​សុខភាព​ការងារ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន រោងចក្រ និង​វិសាលភាព​គ្របដណ្តប់​នៃ របប​សន្តិសុខ​សង្គម​ជា​បន្តបន្ទាប់​។

ជាក់ស្តែង គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៦​នេះ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បង្កើន​សមា​ជិ​ក​ឡើង​ដល់​ប្រមាណ​៣,៦ លាន​នាក់ ក្នុង​នោះ ​សមាជិក​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​មាន​ចំនួន​ក្នុង​រង្វង់ ៩២​ម៉ឺន​នាក់​ ។

បន្ថែម​លើ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​សមាជិក ប​.​ស​.​ស​. ជា​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៦​នេះ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ប្រមាណ ៧៦,២​ម៉ឺន​នាក់ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ ចំនួន​ប្រមាណ ៨៣​ម៉ឺន​នាក់ បាន​ទទួល​អត្ថប្រយោជន៍​ដោយ​ផ្ទាល់​ពី​កម្មវិធី​គាំពារ​សង្គម​ដ៏​មាន​សារៈសំខាន់​នេះ​។

ស្រប​តាម រាជរដ្ឋាភិបាល​បាន​បន្ត​ខិតខំ​លើកកម្ពស់​សុខដុម​នី​យ​កម្ម​និង​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ ច្បាប់​ជាតិ​និង​បទដ្ឋាន​ការងារ​អន្តរជាតិ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​។

ជា​លទ្ធផល គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៦​នេះ អង្គការ​វិជ្ជាជីវៈ​ចំនួន ៦ ៩២០ បាន​ចុះបញ្ជី​កា ក្នុង​នោះ​រួម​មាន សហភាព​សហជីព​ចំនួន ៤៣, សហព័ន្ធ​សហជីព​ចំនួន ២៨៥, សហជីព​មូលដ្ឋាន​ចំនួន ៦ ៥៧៩ និង​សមាគម​និយោជក​ចំនួន ១៣​។ ដោយឡែក យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ត្រូវ​បាន​អនុវត្ត​កាន់តែ​មាន​ប្រ សិទ្ធ​ភាព​និង​ល្អ​ប្រសើរ​ជាង​មុន ទាំង​នៅ​កម្រិត​ក្រសួង និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដោយ​សម្រេច​បាន​អត្រា​សះជា​ខ្ពស់​រហូត​ដល់ ៩៧,៩២% ដែល​តួលេខ​នេះ ឆ្លុះ​បញ្ចាំង​ពី​ភាព​ចាស់ទុំ​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​និង​ស្ថិរភាព​ក្នុង​ចង្វាក់​ផលិតកម្ម​។

ក្នុង​គោលដៅ​លើកកម្ពស់​ការងារ​សមរម្យ កម្ពុជា​បាន​និង​កំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អង្គការ​អន្តរជាតិ ខាង​ការងារ អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​ចំនួន ៦​ដំណាក់កាល និង​កម្មវិធី​មុខរបរ​និង​ការងារ សមរម្យ​សម្រាប់​យុវជន​កម្ពុជា​ចំនួន ៣​ដំណាក់ កាល គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ និង​ក្របខណ្ឌកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ។

ទន្ទឹម​នេះ កម្ពុជា​ក៏​បាន​ដើរតួ​ជាប្រទេស​ត្រួសត្រាយ​ផ្លូវ​គំរូ ក្នុង​គំនិត​ផ្តួចផ្តើម​កាតាលីករ​សកល​ស្តី​ពី​ការងារ​សមរម្យ​និង​ការ​គាំពារ​សង្គម​សម្រាប់ អន្តរកាល​យុត្តិធម៌ ដែល​ជា​ចក្ខុវិស័យ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។

គំនិត​ផ្តួចផ្តើម​នេះ ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ ផែនទី​បង្ហាញផ្លូវ កាលពី​ចុងឆ្នាំ​២០២៤ ក្នុង​អាណត្តិ រាជរ​ដ្ឋា​ភិ បាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល​ខ្ពស់​បំផុត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ