ខេត្តកណ្តាល ៖ កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង១៩,៨៣ គីឡូម៉ែត្រ ពីគល់ស្ពានកោះធំដល់ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ។

ជាក់ស្តែងក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនាព្រឹកព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ថា ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ២៣ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង១៩,៨៣ គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ ៣៤+៤០០ (ពីគល់ស្ពានកោះធំ) ស្ថិតក្នុងឃុំ ជ្រោយតាកែវ ឆ្លងកាត់ ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវជាតិលេខ១៤) ត្រង់គីឡូម៉ែត្រ លេខ៥៤+២៣៣ នៃភូមិសាស្ត្រខេត្តកណ្តាល ។ គម្រោងនេះ មានទទឹងតួផ្លូវ ប្រវែង១១ម៉ែត្រ ជាប្រភេទផ្លូវ ក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទី ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្ត និងទោចក្រយានធ្វើចរាចរណ៍ (២គន្លង ទៅ-មក) ។
គម្រោងនេះ រួមបញ្ចូលនូវការស្ថាបនាស្ពានចំនួន ៣កន្លែង ប្រវែងសរុប១១៦,៤០ម៉ែត្រ ការដាក់លូគ្រប់ប្រភេទ កាត់ទទឹងផ្លូវ ចំនួន៤៨កន្លែង និងលូតាមប្រឡាយផ្លូវចំនួន៨កន្លែង ប្រវែងសរុប២ ៣៤២ម៉ែត្រ បំពាក់អំពូលសូឡា LED ចំនួន៨០កន្លែង ព្រមទាំងការបំពាក់ផ្លាកសញ្ញាគូសគំនូសសញ្ញាដាំបង្គោល គីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ ។
លើសពីនេះ គម្រោងនេះក៏មានការស្ថាបនារង្វង់ មូល១កន្លែង នៅត្រង់ចំណុចផ្លូវ ប្រសព្វទិសចុះពីស្ពានកោះធំ ដើម្បីសម្រួល និងបញ្ចៀសទិសដៅចរាចរណ៍ទៅមកប្រកបដោយសុវត្ថិភាព ។
គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ២៣ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕



ចែករំលែកព័តមាននេះ