ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ ! កម្ពុជាចុះបញ្ជី GI លើផលិតផលពិសេស ៤មុខ ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិលើឆាកអន្តរជាតិ

38 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អបអរសាទរ ! កម្ពុជា​បន្ត​ពង្រឹង​អត្តសញ្ញាណ​ផលិតផល​ជាតិ ដោយ​បាន​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ (GI) ជា​ផ្លូវការ​លើ​ផលិតផល​សក្តានុពល ៤ មុខ​បន្ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ អបអរសាទរ ! កម្ពុជា​បន្ត​ពង្រឹង​អត្តសញ្ញាណ​ផលិតផល​ជាតិ ដោយ​បាន​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ (GI) ជា​ផ្លូវការ​លើ​ផលិតផល​សក្តានុពល ៤ មុខ​បន្ថែម​ទៀត ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា​នេះ ។

នា​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៦ ក្រសួងពាណិជ្ជកម្ម បាន​សម្រេច​ចុះបញ្ជី​ជា​ផ្លូវការ​នូវ​ផលិតផល​សក្តានុពល​ចំនួន ៤ មុខ​បន្ថែម​ទៀត​ជា «​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ (Geographical Indication – GI)» ដែល​ជា​ជំហាន​សំខាន់​ក្នុង​ការ​ជំរុញ ព្រមទាំង​លើកកម្ពស់​កេរ្តិ៍ឈ្មោះ និង​អត្តសញ្ញាណ​ផលិតផល​ខ្មែរ លើ​ឆាក​អន្តរជាតិ ការពារ​សិទ្ធិកម្មសិទ្ធិ​បញ្ញា​របស់​សហគមន៍​ផលិតករ និង​បង្កើន​សក្តានុពល​សម្រាប់​ការ​ចុះបញ្ជី​នៅ​ទីផ្សារ​អន្តរជាតិ​នា​ពេល​អនាគត ។

ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​ថា ចំពោះ​ផលិតផល​ទាំង ៤ រួម​មាន​៖

១. សូត្រ​មាស​ភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផល​សិប្បកម្ម​ត្បាញ ដោយ​ដៃ មាន​សរសៃសូត្រ​ល្អ ណែន ភ្លឺ​រលោង និង​ប្រើ​ពណ៌​ធម្មជាតិ ពី​ដំណើរការ​ផលិត​ដែល​គ្មាន​សារធាតុ​គីមី​។

២. ក្តាមថ្ម​កោះកុង (Koh Kong Mud Crab)៖ ក្តាម​ទឹកប្រៃ​ពី​តំបន់​ព្រៃកោងកាង មាន​សាច់​ណែន ស្វិត និង​រសជាតិ​ផ្អែម​ឆ្ងាញ់​ពិសេស ។

៣. ស្វាយចន្ទី​កំពង់ធំ (Kampong Thom Cashew Nut) ៖ គ្រាប់​ធំ សាច់​ពេញ ស្រួយ ក្លិន​ឈ្ងុយ​បាន​យូរ និង​មាន​រសជាតិ​ឈ្ងុយ​បែប​ប៊ឺ ឬ​ទឹកដោះគោ ដែល​មានគុណ​ភាព​ខ្ពស់​។

៤. ស្វាយ​ឧត្តរមានជ័យ (Oddar Meanchey Mango)៖ ស្វាយ​មាន​សាច់​ណែន ស្រួយ មាន​ទឹកដម និង​រសជាតិ​ជូរអែម​ឆ្ងាញ់ អាច​កែ​ច្នៃ​បាន​ច្រើន​ប្រភេទ ។

ផលិតផល​ទាំងនេះ ត្រូវ​បាន​ផលិត និង​ប្រមូល​ផល​នៅ​តំបន់​ភូមិសាស្ត្រ​ជាក់លាក់ ដែល​មាន​លក្ខខណ្ឌ​ធម្មជាតិ និង​បច្ចេកទេស​ផលិត​ជាក់លាក់ បង្កើត​ឱ្យ​មាន​អត្តសញ្ញាណ និង​គុណភាព​ពិសេស ហើយ​មាន​សក្តានុពល​ក្នុង​ការ​ទទួលស្គាល់ និង​ការពារ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ។

សូម​ជម្រាប​ជូន​ថា តាម​រយៈ​ការ​ចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នេះ នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​សំខាន់​ៗ រួម​មាន​៖
-​ការ​ការពារ​ផ្លូវច្បាប់​៖ ទប់ស្កាត់​ការ​ក្លែងបន្លំ និង​ធានា​ប្រើប្រាស់​ឈ្មោះ​ផលិតផល​ត្រឹមត្រូវ​តាម​តំបន់​ភូមិសាស្ត្រ

-ថែរក្សា​វប្បធម៌ និង​ប្រពៃណី ៖ រក្សា​ទុក​ចំណេះដឹង និង​វិធីសាស្ត្រ​ផលិត​តាម​សហគមន៍
-​លើកកម្ពស់​ទេសចរណ៍ និង​បរិស្ថាន ៖ ជំរុញ​ទេសចរណ៍​តាម​តំបន់​ផលិត និង​គាំពារ​ការ​ផលិត​ស្រប​តាម​បរិស្ថាន​ធម្មជាតិ

-ការ​បង្កើន​តម្លៃ​ទីផ្សារ និង​នាំ​ចេញ​៖ បង្កើន​តម្លៃ​ផលិតផល និង​ពង្រីក​សក្តានុពល​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ
-​បង្កើន​សក្តានុពល​ចុះបញ្ជី​អន្តរជាតិ ៖ ជួយ​បើកផ្លូវ​សម្រាប់​ការ​ទទួលស្គាល់ GI នៅ​ក្រៅប្រទេស និង​ការពារ​ផលិតផល​ខ្មែរ នៅ​លើ​ទីផ្សារ​សកល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ