ទីក្រុងយេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ ថ្លែងថាទង្វើរបស់ក្រុមហេសបូឡាជាការគំរាមកំហែងបទឈប់បាញ់រវាងអ៊ីស្រាអែល និងប្រទេសលីបង់។ លោកថ្លែងដូច្នេះអមដោយការសច្ចាថានឹងចាត់ការក្រុមនេះឱ្យណាណីម្ដងបើពួកគេហ៊ានធ្វើអ្វីមិនស្រួលជាបន្តទៀត។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបូកសរុបលទ្ធផលការងារប្រចាំសប្ដាហ៍ លោកណឺតាន់យ៉ាហ៊ូនិយាយលះៗថា «គេត្រូវតែយល់ឱ្យច្បាស់ថាអំពើរំលោភបំពានពីសំណាក់ក្រុមហេសបូឡានៅក្នុងស្ថានភាពជាក់ស្ដែងគឺជាការបំផ្លាញកិច្ចព្រមព្រៀងនៃបទឈប់បាញ់»។

យោងតាមលក្ខខណ្ឌនៃបទឈប់បាញ់ (ដែលទើបតែបន្តសុពលភាពជាថ្មីក្រោយពេលសុពលភាពចាស់បានផុតរលត់ទៅ) ប្រសិនបើមានការវាយប្រហារដោយរៀបផែនការទុកជាមុន ព្រមទាំងមានកម្រិតធំ និងបន្តកើតមានឥតស្រាកស្រាន្ត ពេលនោះ អ៊ីស្រាអែលសូមរក្សាសិទ្ធិឆ្លើយតបវិញ។ មិនចាំបាច់រង់ចាំយូរទេ យោធាអ៊ីស្រាអែលបាន និងកំពុងបន្តវាយប្រហារប្រទេសលីបង់ភាគខាងត្បូងស្ទើរតែគ្មានលស់ថ្ងៃណាឡើយ។

លោកណឺតាន់យ៉ាហ៊ូថ្លែងថាយើងកំពុងចាត់វិធានការដោយម៉ឺងម៉ាត់ស្របតាមកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាជាមួយអាមេរិក ហើយគាប់ជួនជាចៃដន្យក៏មានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលលីបង់ផងដែរ។ មានន័យថាសេរីភាពក្នុងការចាត់វិធានការអ្វីមួយមិនត្រឹមតែឆ្លើយតបទៅនឹងការវាយប្រហារប៉ុណ្ណោះទេ (ច្បាស់ណាស់យើងត្រូវតែធ្វើអីចឹងហើយ) ប៉ុន្តែក៏ដើម្បីទប់ស្កាត់ការគំរាមកំហែងដែលកើតឡើងភ្លាមៗ និងសូម្បីតែការគំរាមកំហែងដែលទើបតែប៉ិចពន្លកឡើងក៏ដោយ។

បន្ទាប់ពីលោកណឺតាន់យ៉ាហ៊ូថ្លែងសារនយោបាយដូចខាងលើនេះមិនយូរប៉ុន្មាន យោធាអ៊ីស្រាអែលអះអាងថាដ្រូនបីគ្រឿងត្រូវខ្លួនបាញ់ធ្លាក់ទាន់ពេលវេលាមុនពេលហោះចូលដែនដីអ៊ីស្រាអែល។ កាលពីមុននេះ យោធាអ៊ីស្រាអែលបានចេញបញ្ជាឱ្យជម្លៀសប្រជាជន៧ភូមិនៅប្រទេសលីបង់ភាគខាងត្បូងមុនពេលខ្លួនវាយប្រហារទីតាំងរបស់ក្រុមហេសបូឡា។ ទីភ្នាក់ងារព័ត៌មានជាតិលីបង់រាយការណ៍ថាយោធាអ៊ីស្រាអែលបានវាយប្រហារភូមិជាច្រើនកន្លែងនៅភាគខាងត្បូងពិតប្រាកដមែន។ ជាពិសេសភូមិហ្សាវតា អាល់សាគីយ៉ា (Zawtar al-Sharqiyah) មានករណីដ្រូនរបស់សត្រូវបាញ់ឆេះម៉ូតូមួយគ្រឿង៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ