ទីក្រុងតូក្យូ៖ ប្រទេសជប៉ុនបានបញ្ជូនភ្នាក់ងារអគ្គិភ័យ១៤០០នាក់ និងទាហាន១០០នាក់ដើម្បីប្រយុទ្ធប្រឆាំងទល់នឹងភ្លើងឆេះព្រៃដែលកំពុងរាតត្បាតតាមអំពើចិត្តរបស់វាដោយគ្មានអ្វីអាចទប់ស្កាត់បានឡើយ។ ចំពេលដែលខែនេះជារដូវប្រាំងរាំងឫសថែមទៀតនោះធ្វើឱ្យភ្លើងឆេះលឿន និងងាយស្រួលជាងស្អីទៅទៀត។ ហេតុការណ៍នេះកើតឡើងនៅតំបន់ភ្នំនៃប្រទេសជប៉ុនភាគខាងជើង។

គិតទាំងថ្ងៃនេះទៀត ភ្លើងនេះបន្តឆេះរាលដាលអស់រយៈពេល៥ថ្ងៃជាប់គ្នា។ សូម្បីតែតំបន់មាត់សមុទ្រដែលប្រកបដោយទិដ្ឋភាពដ៏ស្រស់ស្អាតក៏ប្រឈមនឹងការដុតបំផ្លាញផងដែរ គ្រាន់តែថាពេលនេះ ភ្លើងមិនទាន់ឆេះទៅដល់ទីនោះទេ។ បើដូច្នេះមែនគួរឱ្យស្ដាយណាស់ តំបន់ដ៏ស្រស់បំព្រងត្រូវខូចសោភ័ណភាពអស់រលីង។ គិតត្រឹមវេលាព្រឹកនេះ ភ្លើងបានដុតបំផ្លាញព្រៃនៅលើផ្ទៃដី១៣៧៣ហិចតារ ពោលគឺដុតថែម៧%ទៀតបើប្រៀបធៀបនឹងថ្ងៃម្សិលមិញ។

ភ្លើងកំពុងគំរាមកំហែងប្លុករស់នៅរបស់ប្រជាជនជាច្រើនសង្កាត់នៃទីក្រុងអុតស៊ូឈិ (Otsuchi) នៃតំបន់ប៉ាស៊ីហ្វិច ខូស (Pacific Coast)។ ទីក្រុងនេះបានបាត់បង់អាយុជីវិតរបស់ប្រជាជនប្រមាណជិត១០%ដោយសារគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុតមួយរបស់ជប៉ុន នោះគឺគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីកាលពីឆ្នាំ២០១១។ ឥឡូវនេះ អាជ្ញាធរប្រកាសជូនដំណឹងរួចហើយសម្រាប់ប្រជាជន១៥៤១គ្រួសារ ដែលមានប្រជាជនសរុប៣២៣៣នាក់។

ពួកគេត្រូវតែត្រៀមខ្លួនទុកឱ្យហើយ ប្រសិនបើមើលសភាពការណ៍មិនស្រួលទេត្រូវតែជម្លៀសខ្លួនជាបន្ទាន់។ ចំនួននេះសឹងតែស្មើនឹង១/៣នៃប្រជាជនសរុបនៅទីក្រុងអុតស៊ូឈិ។ ថ្វីដ្បិតយោធាជប៉ុនខិតខំបាញ់ទឹក ឬបាញ់ផ្សែងពីលើអាកាសដើម្បីពន្លត់ភ្លើង (ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ) ប៉ុន្តែភ្លើងនៅតែបន្តឆេះគ្មានអ្វីអាចទប់ស្កាត់បានឡើយព្រោះពេលនេះជារដូវប្រាំង និងមានខ្យល់បក់ខ្លាំង។ នេះបើយោងតាមលោកកូហ្សូ ហ៊ីរ៉ាណូ (Kozo Hirano) ជាអភិបាលក្រុងអុតស៊ូឈិថ្លែងប្រាប់អ្នកសារព័ត៌មាន៕ ប្រភព៖ អារ៉ាប់ ញូស៍ (Arab News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ