ខេត្តកំពង់ចាម ៖ ក្រុមក្មេងពាលបានឈ្លោះវាយតប់គ្នាទៅវិញទៅមកនៅកន្លែងផ្គុំតន្ត្រីប្រដាល់គុនខ្មែរមួយកន្លែងនៅចំណុចភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។ បានបង្កឲ្យមានការភ្ញាក់ផ្អើលហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ តែចៃដន្យលោកវីរៈសេនីយ៍ទោម៉ាប់ សុផាត
ជាអធិការរងនគរបាលស្រុកស្ទឹងត្រង់ទទួលផែនគ្រឿងញៀន បានរងរបួសរហូតដល់ឈាមកកក្នុងខួរក្បាលដោយសារតែក្រុមក្មេងពាលចាក់ត្រូវផ្ទៃមុខរងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។
លោកវីរៈសេនីយ៍ឯកឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់បានប្រាប់ឲ្យដឹងថា: គិតរហូតមកដល់វេលាម៉ោងជិត១២ថ្ងៃត្រង់ទី២៦មេសា ឆ្នាំ២០២៦ អធិការដែលរងរបួសនេះក្រោមការជួយជ្រោមជ្រែងពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញនិងនាំទៅសង្គ្រោះបន្តនៅប្រទេសវៀតណាម ក្រោមការជួយសង្គ្រោះពីគ្រូពេទ្យវៀតណាម បានវះកាត់យកឈាមកកក្នុងខួរក្បាលចេញដោយជោគជ័យ និងកំពុងតាមដានបន្ត។
តាមរបាយការណ៍របស់លោកអធិការនគរបាលស្រុកស្ទឹងត្រង់បញ្ជាក់ថាកាលពីយប់ថ្ងៃទី២៤ខែមេសា លោកវីរៈសេនីយ៍ទោម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំង ដើម្បីចុះល្បាតក្នុងភូមិសាស្ត្រឃុំព្រែកក់។ លុះរហូតដល់វេលាម៉ោងជាង១១យប់ ថ្ងៃខែឆ្នាំដដែល នៅកន្លែងកម្មវិធីប្រដាល់គុនខ្មែររបស់ទូរទស្សន៍ថោន ចំណុចភូមិបឹងដែង១ថាមានករណីក្រុមក្មេងស្ទាវវាយតប់គ្នា ស្របពេលដែលកម្លាំងចុះទៅដល់ធ្វើការអន្តរាគមន៍ ស្រាប់តែជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកឧបករណ៍មុតស្រួចចាក់ត្រូវខ្ទង់ច្រមុះក្បែរភ្នែកច្រើនដើមចំនួនពីរកន្លែងរបួសធ្ងន់ធ្ងរបណ្ដាលឲ្យដួលសន្លប់ដេកដួលទៅលើដី រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ ព្រមទាំងបាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។
ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ហ៊ី ណៃយី ហៅឃ្នី ភេទប្រុស អាយុ31ឆ្នាំ មានទីលំនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានចាក់ទៅលើលោកវរៈសេនីយ៍ទោ ម៉ាប់ សុផាត ឋានអធិការរងផែនការងារប្រឆាំងគ្រឿងញៀន ។
ជនសង្ស័យរូបនេះ ត្រូវបានធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលបានធ្វើតេស្តរកសារធាតុញៀន(អវិជ្ជមាន) ។
លោកអធិការរងដែលរងរបួសសន្លប់ ត្រូវបានកម្លាំងក្រោមឱវាទនាំមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកនិងបានដឹកតាមរថយន្តសមុយមកសង្គ្រោះនៅរាជធានីភ្នំពេញ តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរឈាមកកក្នុងខួរក្បាល ត្រូវបានសាច់ញាតិនាំមកសង្គ្រោះបន្តនៅប្រទេសវៀតណាម តាមដំណឹងចុងក្រោយនៅព្រឹកថ្ងៃទី២៦ មេសា ឈាមដែលកកក្នុងខួរក្បាលនោះត្រូវបានក្រុមគ្រូពេទ្យជំនាញបានធ្វើការវះកាត់យកចេញហើយ ព្រមទាំងបានតាមដានសភាពជំងឺបន្ថែមទៀត។
លោកអធិការរងដែលរងគ្រោះក្នុងករណីខាងលើនេះ ទទួលបានការជួយជ្រោមជ្រែង និងសង្គ្រោះពីសំណាក់ឧត្តមសេនីយ៍ស្នងការនគរបាលខេត្តក៏ដូចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ ៕




ចែករំលែកព័តមាននេះ