ចាប់ស្ត្រីឃុបឃិតគ្នាលួ.ចនាំទុរេនថៃមកលក់ ហើយកុហ.កថាជាទុរេនកំពង់ចាម
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ក្រោមកិច្ចសហការរវាងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជាមួយនឹងកម្លាំងសមត្ថកិច្ចមូលដ្ឋានខេត្តកំពង់ចាម បានឃាត់ខ្លួនស្ត្រីឈ្មោះ ព្រំ សុខណា ហៅ យ៉ាដាអាយុ២៦ឆ្នាំ រស់នៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទៅតាមដីកាបង្គាប់ឲ្យនាំខ្លួន ។ ស្ត្រីរូបនេះ ជាប់ពាក់ព័ន្ធនឹងការឡាយ(live)លក់ទុរេនមកពីប្រទេសថៃ ដោយកុហកថាជាទុរេនកំពង់ចាម និងត្បូងឃ្មុំ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ថា ស្ត្រីឈ្មោះ យ៉ាដា មានផ្ទៃពោះជិត៧ខែហើយ ដែលត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង និងខេត្តកំពង់ចាម សហការឃាត់ខ្លួនដល់លំនៅឋាន ។ ពេលចុះទៅឃាត់ខ្លួន ស្ត្រីរូបនេះមិនមានការតបតនិងបានទទួលកំហុសរបស់ខ្លួននាពេលកន្លងទៅ ។
សូមបញ្ជាក់ថា ការឃាត់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ រួចនាំខ្លួនទៅកាន់ខេត្តបាត់ដំបងដើម្បីបន្តនីតិវិធី ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានរឹតបន្តឹងមិនឱ្យមានការនាំផ្លែឈើចូលពីប្រទេសថៃមកកម្ពុជា ក្រោយពីមានការឈ្លានពានពីសំណាក់ទាហានថៃមកលើបូរណភាពទឹកដីកម្ពុជា តែស្ត្រីឈ្មោះ អាឡែន នៅខេត្តបាត់ដំបង បានធ្វើសកម្មភាពលួចនាំយកផ្លែទុរេនតាមច្រកអូររំដួល ហៅច្រកកាប៊ីន ចូលមកលក់នៅខេត្តបាត់ដំបង ។ ជាមួយនេះ បានចែកចាយបន្តទៅកាន់កន្លែងផ្សេងទៀត ក្នុងនោះឈ្មោះ យ៉ាដា នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាអ្នកលក់បន្តទៅឲ្យប្រជាពលរដ្ឋទទួលទាន ។
ក្រោយពីមានផ្ទុះបាតុភាពយ៉ាងខ្លាំងលើបណ្ដាញសង្គម ដែលលេចធ្លាយសំឡេងអាដា បាននាំទុរេនពីប្រទេសថៃ ធ្វើឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ធ្វើការរិះគន់ មិនគួរណានាំផ្លែឈើដែលត្រូវហាមមិនឲ្យនាំចូលបែបនេះ ។ ទីបំផុត អាដាជាស្ត្រីមួយរូបលក់ផ្លែឈើក្នុងខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមនីតិវិធី ។
សូមបញ្ជាក់ថា ពេលដែលកម្លាំងសមត្ថកិច្ចខេត្តទាំងពីរចុះនាំខ្លួនតាមដីកានេះនៅនឹងផ្ទះរបស់ស្ត្រីសង្ស័យ គឺមិនមានផ្លែទុរេនទេ ។
គួររំឭកថា ស្ត្រីឈ្មោះយ៉ាដា រស់នៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ធ្លាប់បានឡាយតាមទូរស័ព្ទលក់ទុរេនដែលនាំមកពីប្រទេសវៀតណាម កុហកប្រជាពលរដ្ឋថា ជាទុរេននៅស្រុកមេមត់ និងខេត្តកំពង់ចាម ។ ក្រោយពីមានការរិះគន់លើបណ្ដាញសង្គម ត្រូវបានមន្ត្រី ក.ប.ប បានចុះទៅពិនិត្យ ឃើញមានផ្លែទុរេនជាច្រើននៅនឹងផ្ទះរបស់ខ្លួន ក្នុងអំឡុងចុងខែមីនា ឆ្នាំ២០២៥ គ្រានោះមន្ត្រីជំនាញ បានធ្វើការណែនាំ និងធ្វើលិខិតមិនឲ្យមានការឡាយលក់ទុរេនបែបនេះបន្តទៅទៀត ៕






ចែករំលែកព័តមាននេះ