ទីក្រុងវៀងចន្ទន៍៖ ពាក់ព័ន្ធនឹងហេតុការណ៍អ្នកភូមិ៧នាក់ជាប់ផុងនៅក្នុងរូងភ្នំដែលជន់លិចដោយជំនន់ទឹកភ្លៀងនៅប្រទេសឡាវនោះ ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តការងាររបស់ខ្លួនឈានចូលដល់ថ្ងៃទី៧ហើយ។ ពួកគេប្រឈមនឹងបញ្ហាលំបាកដោយស្ថានភាពភូមិសាស្ត្រ និងអាកាសធាតុមិនអំណោយផល។ ចាប់តាំងពីអ្នកទាំងនោះជាប់ផុងនៅក្នុងរូងភ្នំ គ្មានការទាក់ទងគ្នាជាមួយអ្នកខាងក្រៅទេ។

សូមរំលឹកថាកាលពីថ្ងៃទី១៩ ខែឧសភា អ្នកភូមិទាំងនោះបានដើរចូលទៅក្នុងរូងភ្នំមួយនៃខេត្តសៃសុំប៊ុន (Xaisomboun)។ មិនយូរប៉ុន្មានមានភ្លៀងធ្លាក់មួយមេធំ ហើយបានជន់លិចរូងភ្នំនោះ ដូច្នេះធ្វើឱ្យបិទជិតច្រកចេញចូល ជាហេតុធ្វើឱ្យពួកគេជាប់ផុងនៅក្នុងនោះមិនអាចចេញមកខាងក្រៅរួច។ ពោលគឺមិនខុសពីករណីក្មេងជំទង់១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេនៅប្រទេសថៃជាប់ផុងនៅក្នុងរូងភ្នំកាលពីឆ្នាំ២០១៨នោះឡើយ។

ក្រុមអ្នកស្ម័គ្រចិត្តឡាវដែលសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងស្រុកបានបង្ហោះសារនៅលើហ្វេសប៊ុកថាប្រតិបត្តិការលើកនេះក៏រួមបញ្ចូលទាំងការឃ្លាំមើលពីលើអាកាសទៅលើរូងភ្នំនោះក្រែងលោអាចកំណត់ចំណុចដែលអាចចោះរូងភ្នំពីលើ និងកំណត់ទីតាំងស្ថិតនៅនៃអ្នកភូមិទាំងនោះ។ ក្រុមអ្នកជួយសង្គ្រោះដែលមកពីប្រទេសថៃបានទៅដល់ទីតាំងនោះកាលពីចុងសប្ដាហ៍កន្លងទៅនេះដើម្បីចូលរួមជួយនៅក្នុងប្រតិបត្តិការលើកនេះ។

នៅក្នុងចំណោមក្រុមការងារដែលជួយជ្រោមជ្រែងទាំងនោះក៏មានអ្នកហែលទឹកមកពីច្រើនប្រទេស និងដែលធ្លាប់ចូលរួមជួយសង្គ្រោះក្មេងៗដែលជាប់ផុងនៅក្នុងរូងភ្នំថាមលួង ប្រទេសថៃកាលពីឆ្នាំ២០១៨ផងដែរ។ មានបញ្ហាប្រឈមមួយចំនួនដែលបង្កការលំបាកសម្រាប់ការជួយសង្គ្រោះ។ អ្នកហែលទឹកអាចហែលបានប្រហែលចម្ងាយមួយរយម៉ែត្រទៅក្នុងទឹកជំនន់តាមច្រករូងដ៏សែនតូចចង្អៀត។ ពួកគេជឿជាក់ថាអ្នកភូមិទាំងនោះទំនងជាជាប់ផុងនៅត្រង់ចំណុចមួយចម្ងាយ៣០ម៉ែត្រមុខកន្លែងទឹកជំនន់ ហើយទំនងជាកំពុងជួយបាចទឹកឱ្យស្រកខ្លះដើម្បីជួយសម្រួលអ្នកខាងក្រៅអាចចូលទៅជួយពួកគេ៕

ចែករំលែកព័តមាននេះ