គ្រោះធម្មជាតិ! រន្ទះបា.ញ់នៅខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃជាប់គ្នា បណ្តាលឱ្យបុរសម្នាក់ស្លា.ប់ និងម្នាក់ទៀតរ.បួ.ស.ធ្ងន់
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ករណីគ្រោះធម្មជាតិរន្ទះបាញ់បានកើតឡើងពីរថ្ងៃបន្តបន្ទាប់គ្នា នៅក្នុងខេត្តស្ទឹងត្រែង ដោយបានឆក់យកជីវិតប្រជាពលរដ្ឋម្នាក់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ កាលពីចុងខែឧសភា ឆ្នាំ២០២៦ នេះ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង១៦នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចកន្ទុយកោះហិប ស្ថិតក្នុង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ជនរងគ្រោះដែលបានបាត់បង់ជីវិត មានឈ្មោះ ហាត សិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាកសិករ មានទីលំនៅបច្ចុប្បន្ននៅភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ។ យោងតាមការបញ្ជាក់ពីលោក វ៉ាន់ សំផន មេឃុំកោះស្នែង បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកទូកជូនមិត្តភក្តិ (ក្លើ) ពីរនាក់ប្តីប្រពន្ធ ដើម្បីទៅរកទិញក្របីនៅភូមិកោះហិប ។ ខណៈពេលធ្វើដំណើរទៅដល់ចំណុចកន្ទុយកោះហិប មេឃក៏ចាប់ផ្តើមមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង ។
ភ្លាមៗនោះ ជនរងគ្រោះបានលើកទូរស័ព្ទនិយាយទាក់ទងទៅម្ចាស់ក្របី ដើម្បីចរចារឿងទិញលក់ ក៏ត្រូវរន្ទះបាញ់ចំតែម្តង ។ ស្ត្រីជាប្រពន្ធរបស់មិត្តភក្តិដែលរួមដំណើរនៅលើទូកបានរៀបរាប់ថា នៅពេលដែលជនរងគ្រោះកំពុងបើកទូកបណ្តើរ និងនិយាយទូរស័ព្ទបណ្តើរនោះ ស្រាប់តែមានរន្ទះបាញ់ចំខ្លួនជនរងគ្រោះ បណ្តាលឱ្យឆេះខ្លួនមួយចំហៀង និងធ្លាក់ក្បាលចូលទៅក្នុងទឹកស្លាប់ភ្លាមៗ ។ ក្នុងគ្រានោះ កម្លាំងរន្ទះបាញ់ក៏បានធ្វើឱ្យប្តីរបស់គាត់សន្លប់បាត់ស្មារតីផងដែរ ប៉ុន្តែបន្ទាប់ពីគាត់បានខំប្រឹងធ្វើចលនាគក់រឹត ទើបបុរសជាប្តីបានដឹងខ្លួនឡើងវិញ ។
ក្រោយកើតហេតុភ្លាមៗ និងមានការផ្តល់ដំណឹងដល់អាជ្ញាធរនិងសមត្ថកិច្ច កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំង ដើម្បីស្រង់សពជនរងគ្រោះមកធ្វើកោសល្យវិច្ឆ័យ និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារករណីរន្ទះបាញ់ ខណៈពេលកំពុងប្រើប្រាស់ទូរស័ព្ទចំពេលមានភ្លៀងផ្គរពិតប្រាកដមែន ។
គួររំលឹកផងដែរថា នេះជាករណីគ្រោះថ្នាក់ដោយសាររន្ទះបាញ់លើកទី២ ហើយនៅក្នុងខេត្តស្ទឹងត្រែង ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ។ កាលពីថ្ងៃទី២៤ ខែឧសភា គ្រោះធម្មជាតិមួយនេះបានបាញ់ប្រជាពលរដ្ឋម្នាក់នៅស្រុកសៀមប៉ាង បណ្តាលឱ្យរងរបួសធ្ងន់ និងនៅថ្ងៃទី២៥ ខែឧសភា នេះ បានបន្តលើជនរងគ្រោះនៅឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ បណ្តាលឱ្យបាត់បង់ជីវិតផងដែរ។
ទោះបីជាយ៉ាងណា បងប្អូនប្រជាពលរដ្ឋទាំងអស់គួរមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក្នុងកំឡុងខែវស្សានេះ ដោយជៀសវាងការប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍ចម្លងចរន្តអគ្គិសនីនានានៅពេលមានភ្លៀងធ្លាក់ ៕

ចែករំលែកព័តមាននេះ