រាំរែកមិនសមរម្យនៅវត្តត្រឡែងកែង រងការរិះគ.ន់ មន្ទីរជំនាញចុះណែនាំមិនឱ្យកើតមានជាលើកទី២
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ មានការរាំរែកបែបមិនសមរម្យ និងមិនគាប់ភ្នែកនៅមុខទីសក្ការៈនៃព្រះវិហារវត្តត្រឡែងកែង ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងកាលពីពេល ថ្មីៗកន្លងមក ។ សកម្មភាពបែបនោះរងការរិះគន់ពីមហាជន ពិសេសនៅតាមបណ្ដាញសង្គម ។
ដោយសារមានរឿងបែបនេះហើយ បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មន្ទីរបានចាត់ឱ្យមន្ត្រីឆ្មាំប្រចាំស្រុកកំពង់ត្រឡាច ទៅសាកសួរព័ត៌មាន ភ្លាមៗ ពីគណៈកម្មការអាចារ្យវត្តត្រឡែងកែង ។ តាមរយៈការសាកសួរ ពិតជាកើតមានស្ត្រីទៅរាំរែកបែបមិនសមរម្យនោះមែន ។
មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងចាត់ទុកសកម្មភាពរាំរែកបែបនោះ គួរឱ្យសោកស្តាយដែលមហាជនមើលទៅហាក់ពុំសមសោះ និងមិនគួរកើតឡើងនៅទីតាំងវត្តបុរាណ និងជាទីតាំងប្រវត្តិសាស្ត្រនោះទេ ។
ប្រភពដដែលឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរធម្មការខេត្ត លោកអភិបាលរងស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធ បានទៅសាកសួរនៅវត្តត្រឡែងកែង ជាថ្មីម្ដងទៀត និងណែនាំធ្វើយ៉ាងណាកុំឱ្យកើតមានសកម្មភាពមិនសមរម្យនោះម្តងទៀត ។
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានថ្លែងអំណរគុណចំពោះសាធារណជន ដែលស្រលាញ់ លើកស្ទួយ និងចូលរួមចំណែកថែរក្សានូវមរតកវប្បធម៌ដ៏ល្អផូរផង់នៃជាតិយើង ។
មិនមានការបញ្ជាក់ពីអត្តសញ្ញាណអ្នករាំនោះជាអ្នកណាទេ ។
កន្លងមកក៏មានការរាំរែកបែបមិនសមរម្យផងដែរនៅទីតាំងប្រាសាទនាខេត្តសៀមរាប ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យបុគ្គលនោះធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបែបនោះទៀត ៕



ចែករំលែកព័តមាននេះ