ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលកកម្ដៅជិត៤០អង្សាសេ វាយប្រហារវៀតណាម អាជ្ញាធរព្រមានពីគ្រោះអគ្គិភ័យ

3 ម៉ោង មុន

ទីក្រុងហាណូ៖ រលកកម្ដៅដ៏ខ្លាំងក្លាបាននិងកំពុងវាយប្រហារភាគខាងជើង និងភាគកណ្ដាលនៃប្រទេសវៀតណាម ដោយត្រូវបានព្យាករថានឹងបន្តអូសបន្លាយរយៈពេល ២ ទៅ ៣ ថ្ងៃទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress នៅថ្ងៃទី២៦ ខែឧសភានេះ។

កាលពីថ្ងៃទី២៥ ខែឧសភា ម្សិលមិញនេះ សីតុណ្ហភាពនៅទីក្រុងហាណូយបានហក់ឡើងដល់ ៤០.៧ អង្សាសេ ខណៈខេត្តភូថូ​ មានកម្ដៅខ្ពស់ជាងគេបំផុតក្នុងប្រទេសរហូតដល់ ៤០.៨ អង្សាសេ។ នេះគឺជាប្រវត្តិសាស្ដ្រនៃរលកកម្ដៅដ៏សាហាវ និងអូសបន្លាយយូរជាងគេបំផុតមួយ បើគិតចាប់តាំងពីឆ្នាំ២០២១ មក ដែលបណ្ដាលមកពីឥទ្ធិពលនៃសម្ពាធទាបក្ដៅពីភាគខាងលិច រួមផ្សំនឹងខ្យល់ជំនោរក្ដៅស្ងួត​ពីជួរភ្នំទ្រឿងសឺន។

អ្នកជំនាញឧតុនិយមបានបញ្ជាក់ថា កម្ដៅនឹងចាប់ផ្ដើមថយចុះបន្តិចចាប់ពីល្ងាចថ្ងៃទី២៧ ខែឧសភា ដោយសារមានភ្លៀងផ្គររន្ទះនៅកន្លែងខ្លះ ប៉ុន្តែតំបន់ទីប្រជុំជននៅតែមានសភាពហប់អាប់អួ ដោយសារតែកម្ដៅជះចេញពីផ្លូវថ្នល់ និងអគារបេតុង។ ជុំវិញស្ថានភាពនេះ អាជ្ញាធរវៀតណាមបានចេញសេចក្តីព្រមានជាបន្ទាន់ពីហានិភ័យខ្ពស់នៃការកើតមានអគ្គិភ័យក្នុងសហគមន៍ និងភ្លើងឆេះព្រៃ ព្រមទាំងហានិភ័យនៃការខ្សោះជាតិទឹក និងការគាំងបេះដូង​ចំពោះអ្នកធ្វើការងារក្រោមកម្ដៅថ្ងៃផងដែរ៕