គោ-ក្របីជាង៥៥,០០០ក្បាលនៅទូទាំងខេត្តបង្ការជំងឺសារទឹក និងជំងឺអុតក្តាម ដោយការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតលើសត្វពាហនៈក្នុងរដូវវស្សា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលខេត្ត បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់សត្វគោ និងក្របីសរុបជាង៥៥,០០០ ក្បាលនៅទូទាំងខេត្ត ។

ពិធីបើកយុទ្ធនាការនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៦ នៅក្នុងស្រុកសៀមប៉ាង ក្រោមវត្តមានលោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានថ្លែងទៅកាន់បងប្អូនប្រជាកសិករថា យុទ្ធនាការនាឆ្នាំ២០២៦នេះ គឺជារបៀបវារៈអាទិភាពរបស់មន្ទីរ ក្នុងនាមជាសេនាធិការឱ្យរដ្ឋបាលខេត្ត ។

លោកបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងដោយឥតគិតថ្លៃ ដែលគោលដៅចម្បងគឺការពារជំងឺសារទឹក និងជំងឺអុតក្តាម ដែលជាជំងឺកាចសាហាវ តែងតែយាយីសុខុមាលភាពសត្វពាហនៈ និងសេដ្ឋកិច្ចគ្រួសារកសិករនៅដើមរដូវវស្សា ។

លោកបានថ្លែងលើកទឹកចិត្តដល់ពលរដ្ឋកសិករថា ការចិញ្ចឹមគោ-ក្របី មិនត្រឹមតែជាប្រភពចំណូលប្រចាំប៉ុណ្ណោះទេ ប៉ុន្តែ វាជាសន្តិសុខស្បៀងដ៏រឹងមាំរបស់ពលរដ្ឋ។ យើងត្រូវតែរួមគ្នាលើកកម្ពស់វិស័យនេះ ដើម្បីជំរុញសក្តានុពលទីផ្សារបច្ចុប្បន្ន ។

លោក ទុំ នីរ៉ូ ថ្លែងសង្កត់ធ្ងន់ថា ទោះបីជាទិន្នន័យសត្វពាហនៈក្នុងខេត្តមានអត្រាគួរឱ្យកត់សម្គាល់ក៏ដោយ លោកប្រធានមន្ទីរបានបង្ហាញកង្វល់ដោយត្រង់ថា បច្ចុប្បន្ន ការចិញ្ចឹមសត្វរបស់ពលរដ្ឋភាគច្រើននៅតែបន្តធ្វើឡើងតាមបែបប្រពៃណី ពោលគឺការលែងចោល ខ្វះការថែទាំ និងខ្វះបច្ចេកទេសត្រឹមត្រូវ ។ កត្តានេះ ធ្វើឱ្យសត្វងាយរងគ្រោះដោយជំងឺឆ្លង និងបង្កជាហានិភ័យខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរផងដែរ ។

ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ មន្ទីរកសិកម្មខេត្តបានចាត់តាំងក្រុមការងារបច្ចេកទេស និងមន្ត្រីបសុពេទ្យចុះផ្ទាល់ដល់មូលដ្ឋាន ដំឡើងយុទ្ធនាការចាក់វ៉ាក់សាំងផង និងបើកវគ្គបណ្តុះបណ្តាលណែនាំពីវិធីសាស្ត្រចិញ្ចឹមតាមបែបបច្ចេកទេសទំនើបផងដែរ ។

លោកប្រធានបានបង្ហាញទិន្នន័យស្ថិតិសត្វពាហនៈសរុបក្នុងខេត្តស្ទឹងត្រែង នាពេលបច្ចុប្បន្ន សត្វគោមានជាង៣៨,០០០ក្បាល សត្វក្របីមានជាង១៧,០០០ក្បាល សរុបរួម ជាង៥៥,០០០ក្បាល។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា អាជ្ញាធរខេត្តតែងតែផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់លើវិស័យបសុសត្វ ។ លោកបានអំពាវនាវ និងជំរុញឱ្យប្រជាកសិករទាំងអស់ត្រូវតែផ្លាស់ប្តូរទម្លាប់ពីការលែងសត្វពាហនៈចោលតាមវាលស្រែព្រៃភ្នំ មកជាការរៀបចំសាងសង់ក្រោលចិញ្ចឹមឱ្យមានសុវត្ថិភាព និងប្រកបដោយអនាម័យត្រឹមត្រូវ ដើម្បីទទួលបានអត្ថប្រយោជន៍ធំៗ៣ ១-គឺកាត់បន្ថយហានិភ័យខ្ពស់ ការពារសត្វពីការឆ្លងជំងឺរាតត្បាតផ្សេងៗពីតំបន់មួយទៅតំបន់មួយ ។ ២-ទប់ស្កាត់ចោរកម្ម បង្ការការបាត់បង់សត្វពាហនៈ ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គ្រួសារ ។ ៣-រក្សាសុខដុមនីយកម្មសហគមន៍ ចៀសវាងទំនាស់ផ្សេងៗ ដែលបង្កឡើងដោយសារសត្វពាហនៈដើរបំផ្លាញផលដំណាំរបស់អ្នកដទៃ ។

តាមរយៈយុទ្ធនាការសំខាន់ខាងលើនេះ មន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្តចុះជួយសង្គ្រោះ ព្យាបាល និងផ្តល់បច្ចេកទេសជួនកសិករជាបន្តបន្ទាប់ ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ជនបទនៃខេត្តភូមិភាគឦសានមួយនេះ ៕

ចែករំលែកព័តមាននេះ