ទីតាំងផ្ទះជួលចិញ្ចឹមនារីក្មេងៗមួយកន្លែង ត្រូវបានបង្ក្រា.ប
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីតាំងផ្ទះជួលចិញ្ចឹមនារីក្មេងៗមួយកន្លែង បានត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌមានជ័យ ចុះបង្ក្រាបដោយឃាត់ខ្លួនមេការស្រីម្នាក់ និងនាំស្ត្រីក្មេងៗចំនួន៥នាក់ដែលគេសង្ស័យថា មេការចិញ្ចឹមទុក ដើម្បីបម្រើសេវាកម្មផ្លូវភេទនៅតាមភោជនីយដ្ឋាន និងខារ៉ាអូខេ ។
ការចុះឃាត់ខ្លួនមេការខារ៉ាអូខេនេះ ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅផ្ទះជួលមួយកន្លែងក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ ។
តាមព័ត៌មានបានឱ្យដឹងថា ដោយមានការស្រាវជ្រាវពីកម្លាំងជំនាញរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញថា ទីតាំងខាងលើមានចិញ្ចឹមស្រីក្មេងៗទុកដើម្បីបម្រើសេវកម្មផ្លូវភេទ ទើបសមត្ថកិច្ចចុះបង្ក្រាបតែម្តង ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមេការខារ៉ាអូខេម្នាក់ និងនាំខ្លួនស្ត្រីក្មេងៗចំនួន៥នាក់ ដែលគេសង្ស័យថាជាអនីតិជនទៅសាកសួរ ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចកងរាជអាវុធហត្ថនៅពុំទាន់បានផ្ដល់ព័ត៌មានលម្អិតជុំវិញករណីបង្ក្រាបទីតាំងខាងលើនេះនៅឡើយទេ មកដល់ល្ងាចថ្ងៃដដែលនោះ ៕






ចែករំលែកព័តមាននេះ