ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កម្ពុជា​ ស្វាគមន៍​ចំពោះ​អនុសាសន៍​របស់​សភា​អឺរ៉ុប ដែល​ជំរុញ​ឱ្យ​ដោះស្រាយ​ជម្លោះ​កម្ពុជា​-​ថៃ ដោយ​សន្តិវិធី និង​គោរព​ច្បាប់​អន្តរជាតិ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា ស្វាគមន៍​ចំពោះ​អនុសាសន៍​របស់​សភា​អឺរ៉ុប និង​ថ្លែងអំណរគុណ​សារ​ជា​ថ្មី​ម្តងទៀត ដល់​សហភាព​អឺរ៉ុប និង​រដ្ឋ​សមាជិក ដែល​បាន​ចូលរួម និង​បន្ត​ឃ្លាំមើល​សកម្មភាព​ឈ្លានពាន និង​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​កម្ពុជា​-​ថៃ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​អនុសាសន៍​របស់​សភា​អឺរ៉ុប លើ​បញ្ហា​ជម្លោះ​កម្ពុជា និង​ថៃ នៅ​សម័យប្រជុំ​លើក​ទី​៨១ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​របស់​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ សភា​អឺរ៉ុប​បាន​អនុម័ត​នូវ​អនុសាសន៍​លេខ P10-TA(2026)0182 ផ្តល់​ជូន​ដល់​ក្រុមប្រឹក្សា​អឺរ៉ុប គណៈកម្មការ​អឺរ៉ុប និង​អនុប្រធាន​គណៈកម្មការ​/​តំណាង​ជាន់ខ្ពស់ នៃ​សហភាព​អឺរ៉ុប ទទួល​បន្ទុក​គោលនយោបាយ​ការ​បរទេស និង​សន្តិសុខ​សហភាព​អឺរ៉ុប ដើម្បី​លើក​នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​៨១ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ។

អនុសាសន៍​សភា​អឺរ៉ុប​នេះ បាន​លើក​ឡើង​អំពី​ជំហរ​សហភាព​អឺរ៉ុប​អំពី​ជម្លោះ​កម្ពុជា​-​ថៃ ដោយ​បាន​លើក​ឡើង​ថា ៖ «​សូម​លើកទឹកចិត្ត​ព្រះរាជាណាចក្រ​ថៃ និង​ព្រះរាជាណាចក្រ​កម្ពុជា ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​តាម​រយៈ​ការ​សន្ទនា​ការទូត ដោយ​ប្រើប្រាស់​ឱ្យ​បាន​ពេញលេញ​នូវ​យន្តការ ទ្វេភាគី តំបន់ និង​អន្តរជាតិ ដែល​បាន​បង្កើត​ឡើង​ស្រប​តាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​» (encourage the Kingdom of Thailand and the Kingdom of Cambodia to resolve any disputes peacefully and through diplomatic dialogue, making full use of established bilateral, regional and international mechanisms in accordance with the Charter of the United Nations and relevant treaties and agreements;) ។

រដ្ឋសភា​កម្ពុជា សូម​ថ្លែងអំណរគុណ​សារ​ជា​ថ្មី​ម្តងទៀត​ដល់​សហភាព​អឺរ៉ុប និង​រដ្ឋ​សមាជិក ដែល​បាន​ចូលរួម និង​បន្ត​ឃ្លាំមើល​សកម្មភាព​ឈ្លានពាន និង​ផល​ប៉ះពាល់ ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​កម្ពុជា​-​ថៃ មក​លើ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ និង​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ​យូ​ណេ​ស្កូ និង​ផ្តល់​នូវ​ជំនួយ​ជា​បន្តបន្ទាប់​ដល់​កម្ពុជា ក្នុង​ការ​ស្តារ និង​កសាង​សេដ្ឋកិច្ច​-​សង្គម ជា​ពិសេស ការ​ផ្តល់​នូវ​ជំនួយ​មនុស្សធម៌​ដល់​ជនភៀសសឹក ដែល​មិន​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​ដើម​វិញ ។

រដ្ឋសភា​កម្ពុជា សូម​បញ្ជាក់​សារ​ជា​ថ្មី នូវ​ជំហរ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​មហា​បវរ ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី គោរព​ច្បាប់​អន្តរជាតិ ជា​ពិសេស​គោរព គោលការណ៍​សន្តិ​សហ​វិជ្ជមាន និង​សហប្រតិបត្តិការ​នៃ​សហគមន៍​អាស៊ាន ព្រមទាំង​សង្ឃឹមថា យន្តការ​ទ្វេភាគី​ដែល មាន​ស្រាប់ និង​យន្តការ​ដែល​ពាក់ព័ន្ធ ដូច​ជា​គណៈកម្មការ​ចម្រុះ​ព្រំដែន​ថៃ​-​កម្ពុជា (JBC) នឹង​បន្ត​ដំណើរការ​ឡើង​វិញ ដោយ​សុ​ឆន្ទៈ​ពិតប្រាកដ ៕