ទីក្រុងហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នថា ការផ្ទុះឡើងនៃវីរុសអេបូឡានៅក្នុងប្រទេសកុងហ្គោកំពុងរីករាលដាលយ៉ាងគំហុកនិងលឿនជាងសមត្ថភាពឆ្លើយតបរបស់ក្រុមគ្រូពេទ្យ ដោយបច្ចុប្បន្នបានបណ្តាលឱ្យមានអ្នកសង្ស័យឆ្លងជាង ៩០០ករណី និងស្លាប់បាត់បង់ជីវិតកើនឡើងដល់ ២២០នាក់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២៦ ខែឧសភានេះ។
អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានទទួលស្គាល់ថា ក្រុមការងារសុខាភិបាលកំពុងស្ថិតក្នុងស្ថានភាពដេញតាមពីក្រោយមេរោគ ដោយសារតែការរកឃើញមានភាពយឺតយ៉ាវ ខណៈវីរុសដែលកំពុងរាតត្បាតនេះជាប្រភេទ បំប្លែងខ្លួនថ្មីដែលជាទម្រង់កម្រ និងមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលផ្លូវការណាមួយឡើយនៅឡើយទេ ក្រៅតែពីការសាកល្បងព្យាបាលតាមបែបវេជ្ជសាស្ត្រ។
ស្ថានការណ៍កាន់តែធ្ងន់ធ្ងរថែមទៀត ដោយសារតែមេរោគនេះបានឆ្លងរាលដាលចូលទៅដល់ប្រទេសជិតខាងគឺអ៊ូហ្គង់ដារួចទៅហើយ ស្របពេលដែលខេត្តដែលរងការវាយប្រហារខ្លាំងនៅក្នុងប្រទេសកុងហ្គោ កំពុងជួបវិបត្តិអសន្តិសុខនិងសង្គ្រាមផ្ទៃក្នុង ដែលបង្ខំឱ្យប្រជាពលរដ្ឋជាង ១០០,០០០នាក់រត់ភៀសខ្លួន និងបង្កការរំខានដល់ការចុះជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យ។ អង្គការ WHO បានដំឡើងកម្រិតប្រកាសអាសន្នជាតិដល់ «ខ្ពស់បំផុត» និងបានព្រមានថា ស្ថានភាពអាចនឹងកាន់តែអាក្រក់ទៅៗ មុនពេលអាចគ្រប់គ្រងបានទាំងស្រុង៕
ចែករំលែកព័តមាននេះ