ប្រទេសវៀតណាម៖ នៅក្នុងអំឡុងពេលដែលអាកាសធាតុឡើងកម្ដៅខ្លាំង វីដេអូនៃការអាំងពងមាន់ឬពងទាចៀននៅលើកម្រាលបេតុង ផ្លូវកៅស៊ូ ឬលើដំបូលរថយន្ត បានក្លាយជាការពេញនិយមយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដើម្បីបង្ហាញពីកម្រិតកម្ដៅថ្ងៃ។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែកសុវត្ថិភាពចំណីអាហារបានចេញមុខព្រមានយ៉ាងម៉ឺងម៉ាត់ថា មិនត្រូវយកពងដែលចៀនតាមវិធីនេះមកពិសាជាដាច់ខាត ព្រោះវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមនៅថ្ងៃទី២៦ ខែឧសភានេះ។
តាមគោលការណ៍វិទ្យាសាស្ត្រ ការដែលសាច់ពងប្រែជាពណ៌សល្អក់ និងកកក្រាស់ គឺគ្រាន់តែជាប្រតិកម្មបំផ្លែងទម្រង់ប្រូតេអ៊ីននៅពេលប៉ះនឹងផ្ទៃវត្ថុដែលមានកម្ដៅខ្ពស់ (ជិត ៧០អង្សាសេ) តែប៉ុណ្ណោះ ប៉ុន្តែវាមិនបានឆ្អិនសព្វល្អ និងមិនមានកម្ដៅថេរគ្រប់គ្រាន់ក្នុងការសម្លាប់បាក់តេរីសាហាវៗដូចជា សាល់ម៉ូណេឡាឡើយ។ ជាងនេះទៅទៀត កម្រាលថ្នល់ ឬសំបកឡាន មិនមែនជាកន្លែងស្អាតសម្រាប់ចម្អិនម្ហូបនោះទេ ពោលគឺវាសម្បូរទៅដោយធូលីដី ជាតិគីមី ខ្លាញ់ឡាន និងមេរោគ បង្កឱ្យមានការឆ្លងកខ្វក់ភ្លាមៗដល់ចំណីអាហារ។
អាជ្ញាធរសុខាភិបាលបានណែនាំថា សកម្មភាពនេះគួរធ្វើឡើងត្រឹមតែជាការពិសោធមើលកម្ដៅកម្សាន្តប៉ុណ្ណោះ ហើយត្រូវហាមឃាត់មិនឱ្យកុមារតូចៗធ្វើតាម ព្រោះផ្ទៃវត្ថុក្ដៅទាំងនោះអាចបង្កគ្រោះថ្នាក់រលាកស្បែកយ៉ាងធ្ងន់ធ្ងរ៕
ចែករំលែកព័តមាននេះ