រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ត្រួតពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេស នៅទីតាំងផ្ទះលេខ៦ ផ្លូវ១៦៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមការណែនាំពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយលោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង តំណាងអយ្យការ ។
ជាក់ស្តែងសមត្ថកិច្ច ត្រួតពិនិត្យដកហូតសម្ភារទូរស័ព្ទដៃបម្រើការងារចំនួន ៤គ្រឿង, កុំព្យូទ័រ all in one ១គ្រឿង,monitor ៩គ្រឿង និងធុង CPU ចំនួន៤គ្រឿង និងឃាត់ខ្លួនជនបរទេសសរុបចំនួន ០៦នាក់ (ស្រី ០១នាក់) ។
ជនសង្ស័យខាងលើប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោក Online Scams ក្រោមរូបភាពបង្កើត Website លក់ឥវ៉ាន់ក្លែងក្លាយ តាមរយៈការបើកហាងទីផ្សារក្លែងក្លាយ មានគោលដៅទៅតៃវ៉ាន់ និងប្រទេសចិន ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីបន្តនីតិវិធីច្បាប់ ៕





ចែករំលែកព័តមាននេះ