ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសកម្ពុជា ឃាត់ខ្លួន​ជនបរទេស២​នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់​ជនជាតិ​អូស្ត្រាលី​ នៅ​ប្រទេស​វៀតណាម

5 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រមាណ ១៤​និង​០០​នាទី កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ស្នើ​សុំ​សហការ​ជាមួយ​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ស្រាវជ្រាវ និង​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ជនបរទេស ចំនួន​២​នាក់ តាម​សំណើ​សហប្រតិបត្តិការ​ពី​សមត្ថកិច្ច​ប្រទេស​វៀតណាម ពាក់ព័ន្ធ​ករណី​ឃាតកម្ម ។

ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ដោយ​មានការ​ចង្អុលបង្ហាញ​របស់​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​វេលា​ម៉ោង ១៥​និង​៣០​នាទី ថ្ងៃ​ដដែល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២​នាក់ នៅផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។

ជនសង្ស័យ​រួម​មាន ៖
១.​ឈ្មោះ VAA VAA ភេទ​ប្រុស ជនជាតិ​សា​ម័​រ អាយុ​២៧​ឆ្នាំ ។
២.​ឈ្មោះ TAFIA STEVE ភេទ​ប្រុស ជនជាតិ​សា​ម័​រ អាយុ​២៣​ឆ្នាំ ។

វត្ថុ​តាង​ចាប់​យក​រួម​មាន លិខិតឆ្លងដែន ២​ក្បាល ទូរស័ព្ទ ៣​គ្រឿង និង​សម្លៀក​បំពាក់​មួយ​ចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ២​នាក់ ត្រូវ​បាន​នាំ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សួរនាំ និង​រៀបចំ​ប្រគល់​ជូន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​បន្ត​នីតិវិធី (​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​) ។

ដោយឡែក បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម នៅ​ថ្ងៃ​ទី​២៦ ឧសភា ២០២៦​នេះ​ថា ប៉ូ​លិ​ស​​ទីក្រុង​ហូ​ជី​មិ​ញ បាន​ឃុំខ្លួន​មនុស្ស ៨​នាក់​(​ជនជាតិ​វៀតណាម​) ពី​បទ​ជួយ​ជនសង្ស័យ​ជនជាតិ​សា​ម័​រ​២​នាក់ (​ចាប់ខ្លួន​នៅ​កម្ពុជា​) ដែល​បាន​បាញ់ប្រហារ​ បណ្តាល​ឲ្យ​បុរស​អូស្ត្រាលី​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ កាលពី​ស​ប្តា​ហ៍​មុន ។

ករណី​ឃាតកម្ម​កើតឡើង​ កាលពី​ម៉ោង​១០​និង​១០​យប់​ថ្ងៃ​ទី​២១ ខែឧសភា នៅ​ភោជនីយដ្ឋាន Cee’f ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ។ នៅ​កន្លែង​កើតហេតុ មន្ត្រី​ប៉ូ​លិ​ស បាន​រក​ឃើញ​ជនជាតិ​អូស្ត្រាលី​ឈ្មោះ Lemalu Lorenzo Tovia អាយុ ២៥​ឆ្នាំ បាន​ស្លាប់ និង​ពលរដ្ឋ​អូស្ត្រាលី​ម្នាក់​ទៀត ឈ្មោះ Sauni Sam អាយុ ២៧​ឆ្នាំ បាន​រង​របួស​ធ្ង​រ ដោយសារ​គ្រាប់កាំភ្លើង កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ។

ក្នុង​រយៈពេល​មិន​ដល់​២៤​ម៉ោង ក្រោយ​បាញ់ប្រហារ​ និង​រត់គេច​ខ្លួន ក្រុម​អ្នកស៊ើប​អង្កេត បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​២​នាក់ ថា​ឈ្មោះ Vaa Vaa ជា​ជនជាតិ​សា​ម័​រ អាយុ ២៧​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ថា ជា​ជន​ដៃដល់​បាញ់​ជន​រង​គ្រោះ និង​ឈ្មោះ Tafia Steve អាយុ ២៣​ឆ្នាំ ជនជាតិ​សា​ម័​រ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា ជា​អ្នកសមគំនិត ។

ក្រោយ​ពី​បញ្ជូន​ខ្លួន​ពី​ប្រទេស​កម្ពុជា ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​ទីស្នាក់ការ​កណ្តាល នៃ​ទីភ្នាក់ងារ​ប៉ូ​លី​ស​ស៊ើបអង្កេត ក្រោម​នាយកដ្ឋាន​ក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ។

ក្នុងអំឡុងពេល​សួរ​ចម្លើយ​បឋម ជនសង្ស័យ​ទាំង​២ បាន​សារភាព​ចំពោះ​ឃាតកម្ម​នេះ​ដោយ​អះអាង​ថា ពួក​គេ​បាន​ធ្វើ​សកម្មភាព ក្រោម​ការ​ណែនាំ​ពី​បុគ្គល​ម្នាក់ ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស ។

បុរស​ទាំង​២​នាក់ បាន​ចូល​ទីក្រុង​ហូ​ជី​មិ​ញ តាម​រយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​តាន់​សុ​ន​ញ៉ា​ត នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ហើយ​បាន​ចំណាយពេល​ជា​ច្រើន​ថ្ងៃ តាមដាន​សកម្មភាព​របស់​ជន​រង​គ្រោះ​អូស្ត្រាលី​ទាំង​ពីរ​នាក់ ។

នៅ​យប់​ថ្ងៃ​ទី​២១ ខែឧសភា ពួក​គេ​បាន​បាញ់ប្រហារ​ដោយ​កាំភ្លើង ចំនួន​៣​គ្រាប់ បន្ទាប់​ពី​ជន​រង​គ្រោះ និង​មិត្តភក្តិ​របស់​ពួក​គេ បាន​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន Cee’f ក្នុង​សង្កាត់​ប៊ិ​ន​ថា​ញ់ នៅ​ទីក្រុង​ហូ​ជី​មិ​ញ ។

ដោយ​ផ្អែក​លើ​ភស្តុ​តាង​ដែល​ប្រមូល​បាន មន្ត្រី​ប៉ូលិស​ សម្រេច​ឃុំខ្លួន​ជនជាតិ​សា​ម័​រទាំង​២​នាក់ សម្រាប់​ការ​ស៊ើបអង្កេត​បន្ថែម លើ​បទ​ចោទប្រកាន់​ករណី​ឃាតកម្ម ។

ប៉ូលិស ក៏​បាន​សុំ​ដីកាឃុំខ្លួន​ជនជាតិ​វៀតណាម​០៨​នាក់​ផ្សេង​ទៀត ដែល​សង្ស័យ​ថា មិន​បាន​រាយការណ៍​អំពី​ករណី​ឃាតកម្ម និង​ជួយ​ជនសង្ស័យ​ទាំង​២​នាក់ អោយ​រត់គេច​ខ្លួន ៕