ទៀតហើយ! យុវជនម្នាក់រើសគ្រា.ប់៦០ម.មយកទៅដុតលេងផ្ទុះរបួសសុះសាច់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារត្រូវអំបែងគ្រាប់ធុន៦០ម.ម ដែលខ្លួនរើសបានយកទៅដុតលេង កាលពីរសៀលថ្ងៃទី២៦ ឧសភា នៅចំណុចវាលស្រែបឹងទុំយាន ក្នុងភូមិទួលស្នួល ឃុំឫស្សីក្រាំង ស្រុកមោងប្ញស្សី ។

យោងតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈាន ផៃ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទួលស្នួល ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ។ ជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ដោយសារអំបែងគ្រាប់ បាក់ជើង បាក់ដៃ និងរងរបួសលើផ្ទៃមុខ ។ ក្រោយមក សាច់ញាតិបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលនៅជិតព្រំប្រទល់ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះរើសបានគ្រាប់ធុន៦០ម.ម នៅពេលខ្លួនទៅឃ្វាលគោ ។ ប៉ុន្តែពេលប្រទះឃើញគ្រាប់ដ៏គ្រោះថ្នាក់បែបនេះ គេមិនបានផ្ដល់ព័ត៌មានទៅសមត្ថកិច្ច ឬចាស់ទុំក្នុងភូមិឲ្យបានដឹងទេ គេបែរជារើសយកទៅដុតលេងជាល្បែងកម្សាន្ត ទើបធ្វើឲ្យផ្ទុះត្រូវរបួសខ្លួនឯងយ៉ាងធ្ងន់ធ្ងរតែម្ដង ។ កាលពីសប្ដាហ៍មុន កសិករម្នាក់រស់នៅឃុំផ្លូវមាស ស្រុករតនមណ្ឌល បានស្លាប់យ៉ាងរន្ធត់ដោយសារតែរើសបានគ្រាប់ B យកទៅបោះចោលនៅក្នុងអូរ ហើយគ្រាប់នោះក៏បានផ្ទុះលាន់កក្រើក ខ្ទាតអំបែងត្រូវចំខ្លួនស្ទើរសុះសាច់ដែរ ។ បុរសនោះមិនបានរបាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយដោះស្រាយទេ បែរជារើសយកទៅបោះចូលអូរបណ្ដាលឲ្យផ្ទុះ ខណៈដែលគាត់ឈរក្បែរនោះក៏ត្រូវរបួសធ្ងន់រហូតបាត់បង់ជីវិត ។
នេះបានបង្ហាញពីការខ្វះការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាកាកសំណល់សង្គ្រាម ។ ដូច្នេះ គេគួរតែរាយការណ៍ទៅសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត នៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌនៅក្នុងព្រៃនៅតាមភ្លឺស្រែ ឬ នៅតាមទីទូលនានា មិនគួរប៉ះពាល់ ឬរើសយកទៅដុតលែង ឬរើសយកទៅបោះចោលទៅកន្លែងផ្សេងទេ ពីព្រោះវាងាយប្រឈមនឹងគ្រោះថ្នាក់បំផុត ។ ដូចជាករណីជនរងគ្រោះខាងលើនេះ ជាឧទាហរណ៍ស្រាប់ ។
ទោះយ៉ាងណា ព័ត៌មានចុងក្រោយពីស្ថានភាពគ្រោះថ្នាក់របស់យុវជនគង្វាលគោខាងលើនេះ ប្រែប្រូលយ៉ាង ណានៅឡើយទេ រហូតដល់ពេលនេះ ព្រោះពេលកើតហេតុភ្លាមៗ គេឃើញស្ថានភាពជនរងគ្រោះហាក់ធ្ងន់ធ្ងរខ្លាំងណាស់ ។

ចែករំលែកព័តមាននេះ