ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជាការលេបគ្រា.ប់ផ្លែបំពេញរាជ្យ អាចសម្លា.ប់មនុស្សបាន? នេះជាការពន្យល់របស់គ្រូពេទ្យ

44 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ កុំលេងសើចនឹងជីវិត! មន្ទីរពេទ្យកាល់ម៉ែត ព្រមានពីគ្រោះថ្នាក់ដល់កម្រិតវះកាត់ និងអាចបាត់បង់ជីវិត គ្រាន់តែដោយសារការថ្នាំងថ្នាក់លេបគ្រាប់ផ្លែបំពេញរាជ្យ (កំពីងរាជ្យ) ។

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ថ្ងៃ​ទី​២៦ ខែឧសភា​នេះ​ថា ៖ ការ​បរិភោគ​ផ្លែ​កំពីង​រាជ្យ​ទាំង​គ្រាប់​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ ផ្លែ​បំពេញរាជ្យ ឬ​ភាសា​និយាយ​ហៅ ផ្លែ​កំពីង​រាជ្យ (Scientific name: Sandoricum koetjape, English name: Santol, Wild mangosteen) គឺជា​ប្រភេទ​ផ្លែ​ឈើ​មួយ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ស្គាល់ និង​និយម​ទទួលទាន​សឹង​គ្រប់​ៗ​គ្នា ។ ប៉ុន្តែ​បងប្អូន​ពិតជា​មិនសូវ​ចាប់អារម្មណ៍​ថា ការ​បរិ​ភាគ​ផ្លែ​ឈើ​នេះ​ទាំង​គ្រាប់ អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ឬ​អាច​បង្ក​ជា​គ្រោះថ្នាក់​រហូត​ដល់​ចាំបាច់​ត្រូវ​ព្យាបាល​ដោយ​ការ​វះកាត់​ទៀត​ផង ។

ក​. តើ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​អាច​រំលាយ ឬ​កិនបំបែក​គ្រាប់​ផ្លែ​កំពីង​រាជ្យ​នេះ​បាន​ដែរ​ឬទេ?
ជា​ធម្មតា​គ្រាប់​ផ្លែ​កំពីង​រាជ្យ មិន​អាច​រំលាយ ឬ​កិនបំបែក ដោយសារ​ទឹក​អាស៊ីត​ក្រពះ និង​សរីរាង្គ​ផ្សេង​ៗ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​បាន​ឡើយ ។ គ្រាប់​ផ្លែ​នេះ នឹង​ត្រូវ​បន្ត​បញ្ជូន​ទៅ​តាម​ពោះវៀនតូច ហើយ​មក​ស្តុក​ទុក​ចុងបញ្ចប់​ក្នុង​ផ្នែក​ខាង​ចុង​នៃ​ពោះវៀនធំ (Rectum និង Sigmoïde) មុន​បន្ទោ​របង់​ចេញ​មក​ជាមួយ​លាមក ។
ខ​. ផលវិបាក​ដែល​បង្ក​ឡើង​ដោយ​គ្រាប់​ផ្លែ​កំពីង​រាជ្យ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​មនុស្ស ៖

-រំខាន​ដល់​ការ​រំលាយ​អាហារ និង​ចលនា​បញ្ជូន​ចំណី​ក្នុង​ក្រពះ​ពោះវៀន ដែល​ធ្វើ​ឲ្យ​មាន​អាកា​រៈ ឆាប់​ឆ្អែត ចុក​ឆ្អល់ ឈឺពោះ​មួល ចង្អោរ ឬ​ក្អួត​ជាដើម​។

-បង្ក​ឲ្យ​រលាក​តាម​ផ្លូវ​រំលាយ​អាហារ​ដែល​មាន​អាកា​រៈ ចុកពោះ រាគ​មួល និង គ្រុនក្ដៅ​។

-បង្ក​ឲ្យ​លាមក​រឹង​ក្ដៀន ពិបាក​បន្ទោ​របង់​។

គ​. ផលវិបាក​ធ្ងន់ធ្ងរ ៖
១. គ្រាប់​កំពីង​រាជ្យ​កកស្ទះ​យូរ​ក្នុង​ពោះវៀនធំ ដែល​នៅ​លាយឡំ​នឹង​លាមក​ក្ដៀន​បង្ក​ឲ្យ​ពោះវៀន​បាត់បង់​សមត្ថភាព​រុញ​កាក​សំណល់​ចេញ​មក​ក្រៅ ធ្វើ​ឲ្យ​អ្នកជំងឺ​មិន​អាច​ជុះ​លាមក​ច្រើន​ថ្ងៃ រហូត​ដល់​តឹង​ពោះ​ខ្លាំង ហូប​មិន​បាន និង​មានការ​ក្អួត​ខ្លាំង​ក្រោយ​ហូប​អាហារ​។
២. គ្រាប់​កំពីង​រាជ្យ​ដែល​កកស្ទះ​យូរ​ក្នុង​ពោះវៀន បាន​កកិត​នឹង​ភ្នាស​ពោះវៀន​ដែល​កំពុង​រលាក គឺ​អាច​បង្ក​ឲ្យ​មានការ​ចាក់​មុត​ធ្លុះ​ដាច់​ធ្លាយ​ពោះវៀន​សាយភាយ​លាមក​និង​មេរោគ បណ្ដាល​ឲ្យ​រលាក​ស្រោមពោះ​ធ្ងន់ធ្ងរ​(Péritonite) ដែល​ពេល​ខ្លះ​ការ​មក​ដល់​មន្ទីរពេទ្យ​យឺត​យាវ​របស់​អ្នកជំងឺ ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​សង្គ្រោះ​អាយុជីវិត ទោះបី​បាន​ព្យាបាល​ដោយ​ការ​វះកាត់​ក៏​ដោយ​។

ឃ​. ជា​ទូទៅ​ផលវិបាក​ធ្ងន់ធ្ងរ​ទាំងនេះ​ងាយ​កើត​លើ​បុគ្គល ៖

-មនុស្ស​វ័យ​ចំណាស់ ដែល​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ខ្សោយ​ស្រាប់​។

-មនុស្ស​មាន​ជំងឺ​ផ្លូវ​រំលាយ​អាហារ​ស្រាប់ អ្នក​ឧស្សាហ៍​ក្ដៀនលាមក​ដែល​ជា​រឿយ​ៗ​ពិបាក​បន្ទោ​របង់​។

-មនុស្ស​មាន​ជំងឺ​ប្រចាំ​កាយ និង​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​ដែល​ងាយ​ឆ្លង​រោគ ហើយ​ងាយ​រលាក​ផ្លូវអាហារ ដូច​ជា​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម និង​អ្នក​កើត​ជំងឺ​ឱកាសនិយម​ផ្សេង​ៗ​ជាដើម​។

-មនុស្ស​ប្រើ​ថ្នាំ​ជំងឺ​ប្រចាំ​កាយ​ស្រាប់​មួយ​ចំនួន ដែល​ថ្នាំ​ខ្លះ​មាន​សកម្មភាព​ឲ្យ​ចលនា​ពោះវៀន​ថយ​ចុះ (​ថ្នាំ​មួយ​ចំនួន​ក្នុង​ជំងឺ​ប្រព័ន្ធ​ប្រសាទ និង​ជំងឺផ្លូវចិត្ត​)​។

ង​. វិធី​ព្យាបាល​ផលវិបាក​នៃ​ការ​លេប​គ្រាប់​ផ្លែ​កំពីង​រាជ្យ​៖

-ក្នុង​ករណី​ហូប​គ្រាប់​ផ្លែ​កំពីង​រាជ្យ​ចំនួន​តិច អាច​បង្ក​ផលវិបាក​កម្រិត​ស្រាល ដែល​ទាមទារ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​បន្ទន់​លាមក ក្នុង​គោលបំណង​ឲ្យ​បាន​បន្ទោ​របង់​គ្រាប់​កំពីង​រាជ្យ​ទាំងនោះ​ចេញ​មក​វិញ​។

-តែ​ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​អ្នកជំងឺ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ទាំង​ពីរ​ដូច​បាន​រៀបរាប់​ខាងលើ គឺ​ចាំបាច់​ព្យាបាល​ដោយ​ការ​វះកាត់​ក្នុង​គោលបំណង​យក​គ្រាប់​ផ្លែ​បំពេញរាជ្យ និង​លាមក​ដែល​កកស្ទះ​ក្នុង​ពោះវៀន​ចេញ ហើយ​លាង​សម្អាត​ស្រោមពោះ ព្រមទាំង​វះកាត់​ពោះវៀន​ធ្លាយ​ទៅ​តាម​ក្បួន​វេជ្ជសាស្ត្រ​។

ដូចនេះ​សូម​បងប្អូន​មេត្តា​កុំ​បរិភោគ​គ្រាប់​ផ្លែ​ឈើ​ធំ​ៗ ដែល​មិន​អាច​រំលាយ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​មនុស្ស​យើង​បាន ដូច​ជា​គ្រាប់​ផ្លែ​កំពីង​រាជ្យ​នេះ​ជាដើម ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ដល់​សុខភាព និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។