សង្គ្រាមអ៉ីរ៉ង់ ៖ អ៉ីរ៉ង់ កាលពីថ្ងៃទី២៦ ឧសភា បានបរិហារការវាយប្រហារនាពេលមុននេះរបស់អាមេរិក ដោយចាត់ទុកថា នោះជាសញ្ញានៃចិត្តអាក្រក់ និងគ្មានភាពប្រាកដប្រជា ខណៈការចរចាកំពុងបន្តសំដៅឲ្យសម្រេចបានកិច្ចព្រមព្រៀងជាយថាហេតុមួយ សម្រាប់បញ្ចប់សង្គ្រាម ។ ទន្ទឹមនឹងនេះដែរ អ៉ីរ៉ង់កំពុងតែស្ដារឡើងវិញការប្រើប្រាស់អ៉ីនធើណេត ក្រោយការកាត់ផ្ដាច់ជាតិអស់ពេលដ៏យូរមួយមក ។

កងទ័ពអាមេរិកចាត់ទុកការវាយប្រហាររបស់ខ្លួន កាលពីថ្ងៃទី២៥ ឧសភា លើភាគខាងត្បូងអ៉ីរ៉ង់ថា ជាការវាយប្រហារការពារខ្លួន ដោយអះអាងថា បណ្ដាគោលដៅវាយប្រហាររួមមាន ទីតាំងបាញ់មីស៊ីល និងបណ្ដានាវារាយគ្រាប់មីន ។ កងទ័ពអាមេរិកអះអាងទៀតថា បានធ្វើសកម្មភាពទាំងអត់ធ្មត់ដោយគិតដល់បទឈប់បាញ់គ្នាដែលនៅតែជាធរមានចាប់តាំងពីច្រើនសប្ដាហ៍មកហើយ ។
ក្រសួងការបរទេសអ៉ីរ៉ង់ចាត់ទុកការវាយប្រហារទាំងនោះថា ជាការរំលោភបំពានបទឈប់បាញ់គ្នា និងបានព្រមានថា ក្រុងវ៉ាស៊ីនត្រូវទទួលខុសត្រូវចំពោះរាល់ផលវិបាកតែមិនផ្ដល់ភាពលម្អិតឡើយ ។ ក្នុងសេចក្ដីប្រកាសមួយក្រសួងនេះបន្តថា អ៉ីរ៉ង់នឹងមិនទុកឲ្យអំពើឈ្លានពានណាមួយប្រព្រឹត្តទៅដោយគ្មានការតបតវិញ។ កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ប្រកាស នាថ្ងៃទី២៦ ឧសភា ថា បានបាញ់ទម្លាក់និងរុញច្រានបណ្ដាដ្រូនព្រមទាំងយន្តហោះប្រដេញ១គ្រឿងដែលហោះចូលក្នុងដែនអាកាសរបស់ខ្លួន ។

មេដឹកនាំកំពូលអ៉ីរ៉ង់ លោកម៉ូសតាបាខាមេនី បានឆ្លៀតធ្វើសេចក្ដីថ្លែងការណ៍មួយស្ដីពីធម្មយាត្រាប្រចាំឆ្នាំហាជិ លើកពីជម្លោះជាមួយអាមេរិក និងអ៉ីស្រាអែលដោយថា បណ្ដាប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ា មិនត្រូវប្រើជាខែលការពារបណ្ដាមូលដ្ឋានយោធាអាមេរិកក្នុងតំបន់ឡើយ បើមិនដូច្នេះទេ នឹងជាគោលដៅនៃការវាយប្រហារ។
ការវាយប្រហាររបស់អាមេរិកនេះធ្វើឡើងពេលប្រធានសភាអ៉ីរ៉ង់ លោកម៉ូហាម៉ាដបាក់ហ័រកាលីបាហ្វ ទៅកាន់កាតាក្នុងក្របខណ្ឌនៃការចរចា ដែលហាក់ដូចជាប្រព្រឹត្តទៅដ៏ល្អ។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ។ ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ាកូរូប៊ីយ៉ូវាយតម្លៃថា ការចរចាលើការពន្យារពេលបទឈប់បាញ់គ្នា និងការបើកឡើងវិញច្រកសមុទ្រហ័រមូសនឹងធ្វើនាប៉ុន្មានថ្ងៃទៀត។
រីឯអាជ្ញាធរអ៉ីរ៉ង់បានសម្រាលការកាត់ផ្ដាច់អ៉ីនធើណេតអស់ពេលច្រើនខែមកហើយ ដោយលើកហេតុផលថាចាំបាច់ក្នុងពេលមានសង្គ្រាមតែនាំឲ្យបាត់បង់ចំណូលរដ្ឋដ៏ច្រើនដល់រវាងពី៣០ ទៅ៤០លានដុល្លារក្នុង១ថ្ងៃ ៕

ចែករំលែកព័តមាននេះ