ក្រសួងការបរទេស បានប្រកាសថា យកបទពិសោធន៍ប្រវត្តិសាស្ត្រខ្លួនឯងជាមេរៀន! កម្ពុជាដាស់តឿនពិភពលោក នៅចំពោះមុខអង្គការសហប្រជាជាតិថា ផ្លូវទូត និងច្បាប់អន្តរជាតិ ជាជម្រើសតែមួយគត់ដើម្បីបញ្ចប់ជម្លោះ ។ នេះបើយោងតាមក្រសួងការបរទេសបានប្រកាសនាព្រឹក ថ្ងៃទី២៧ ខែឧសភានេះ ។

នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញថ្លែងសុន្ទរកថា ជាតិនៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នៅក្នុងយុគសម័យដែលពិភពលោក កំពុងកើនឡើងនូវបញ្ហាប្រឈម ជម្លោះប្រដាប់អាវុធ និងភាពតានតឹងភូមិសាស្ត្រនយោបាយ ការគោរពបូរណភាពទឹកដី និងការដោះស្រាយបញ្ហាដោយសន្តិវិធី ត្រូវតែបន្តដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសណ្តាប់ធ្នាប់អន្តរជាតិ ។

អំឡុងពេលថ្លែងសុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងបានថ្លែងថា ដោយដកស្រង់ចេញពីបទពិសោធន៍ប្រវត្តិសាស្ត្រផ្ទាល់របស់កម្ពុជា ឯកឧត្តមបានគូសបញ្ជាក់ថា ជម្លោះត្រូវតែដោះស្រាយដាច់ខាត តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ។

មុននឹងបញ្ចប់ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជា ចំពោះសហគមន៍អន្តរជាតិ ដែលបានគាំទ្រឱ្យមានឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធីនៃជម្លោះព្រំដែនកម្ពុជា-ថៃ ៕



ចែករំលែកព័តមាននេះ