សម្តេចបវរធិបតី ៖ វត្តមានរោងចក្រកៅស៊ូដ៏ទំនើបរបស់ចិននៅត្បូងឃ្មុំ ឆ្លុះបញ្ចាំងពីតម្លៃនៃសន្តិភាព និងទំនុកចិត្តវិនិយោគិន
- ត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសម្រេចចិត្តវិនិយោគសាងសង់រោងចក្រផលិត កែច្នៃជ័រកៅស៊ូដ៏ធំ និងទំនើបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនក្រុមហ៊ុន Mainland Group របស់ប្រទេសចិន កំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យរីកចម្រើនឆាប់រហ័ស ព្រមទាំងបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនទាំងខ្មែរ និងបរទេសមកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា ។

ការថ្លែងបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន ខាងលើ ស្ថិតនៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងច្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែបានចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា នៅលើគ្រប់វិស័យ និងនៅគ្រប់កាលៈទេសៈតាមរយៈការផ្តល់ឥណទានសម្បទានហិរញ្ញប្បទានឥតសំណង រួមនឹងជំនួយបច្ចេកទេសជាច្រើនទៀត ព្រមទាំងការដាក់ទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់នៅកម្ពុជា ។

ជាក់ស្តែងក្រុមហ៊ុនមួយនេះរបស់ចិនបានបោះទុនវិនិយោគសរុបប្រមាណ៣០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិត កែច្នៃជ័រកៅស៊ូនេះ នៅលើផ្ទៃដីជិត១៥ហិកតា ដែលមានសមត្ថភាពទទួលជ័រផលិតកៅស៊ូ ប្រមាណ១០ម៉ឺនតោន ក្នុង១ឆ្នាំ ដោយបានផ្តល់ការងារជូនពលរដ្ឋកម្ពុជាយ៉ាងសន្ធឹកសន្ធាប់ ក្នុងនោះមានការងារផ្ទាល់ប្រមាណ៣០០កន្លែង និងការប្រយោលជាអ្នកចៀរជ័រកៅស៊ូ ប្រមាណជាង ៥០.០០០នាក់ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏វាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាភិបាលថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ខាងលើ ដែលបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវនៅក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ។ សម្តេចបានស្វាគមន៍ និងសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងសាងសង់រោងចក្រផលិត កែច្នៃកៅស៊ូមួយផ្សេងទៀត ក្នុងខេត្តរតនគីរីរបស់ក្រុមនេះដដែល ជាមួយទុនវិនិយោគសរុបប្រមាណ៣០លានដុល្លារអាមេរិក ដែលមានសមត្ថភាពផលិតជ័រកៅស៊ូប្រមាណ ១០ម៉ឺនតោន ក្នុង១ឆ្នាំដូចគ្នា នឹងគម្រោងទី១ នៅខេត្តត្បូងឃ្មុំនេះផងដែរ ។

បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្ត្រី នៃកម្ពុជាក៏បានចូលរួមអបអរសាទរចំពោះវិនិយោគិន ធុរជន និងប្រជាពលរដ្ឋ ជាពិសេសក្នុងខេត្បូងឃ្មុំ ចំពោះសមិទ្ធផលថ្មី នោះ គឺរោងចក្រផលិត កែច្នៃជ័រកៅស៊ូកម្រិតអន្តរជាតិ ដែលនឹងចូលរួមលើកកម្ពស់កម្រិតជីវភាពពលរដ្ឋ រួមនឹងផលចំណេញរបស់វិនិយោគិន និងធុរជនក្នុងស្រុក តាមរយៈការពង្រីកទីផ្សារជ័រកៅស៊ូ ការបង្កើតការងារ និងកាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល៕
ចែករំលែកព័តមាននេះ