ខេត្តកំពង់ឆ្នាំង ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ច្បាប់កាតព្វកិច្ចយោធានឹងអនុវត្តដោយស្មើភាព សូម្បីតែចៅៗរបស់សម្តេច ក៏បានត្រៀមខ្លួនចូលបំពេញកាតព្វកិច្ចដែរ ។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធោ នឹងត្រូវអនុវត្តដោយស្មើភាពគ្នា ។ នេះបើយោងតាមក្រសួងព័ត៌មានបានប្រកាសនាព្រឹកថ្ងៃទី២៧ ខែឧសភានេះ ។ ការថ្លែងក្នុងពីពិធីខាងលើនេះដែរ សម្តេចតេជោ ប្រមុខរដ្ឋស្ដីទី បានសង្កត់ធ្ងន់ថា សូម្បីតែចៅៗរបស់សម្តេច ក៏បានត្រៀមអនុវត្តដោយគ្មានការលើកលែងទេ ។

គួរជម្រាបជូនថា ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» ត្រូវបានប្រកាសឱ្យប្រើដោយប្រមុខរដ្ឋស្ដីទី សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភា អនុម័តរួច ។ ច្បាប់នេះ មាន៨ជំពូក និង២០មាត្រា។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤ (ម្ភៃបួន) ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច។ ក្នុងករណីចាំបាច់ កាតព្វកិច្ចយោធាអាចបន្តបានដោយមិនឱ្យលើសពី ៦ (ប្រាំមួយ) ខែ តាមការកំណត់របស់ រាជរដ្ឋាភិបាល។
ជនណាដែលគេចវេះពីតាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី មួយលានរៀល ទៅ បួនលានរៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈដែលប្រទេសមានសន្តិភាព។ ដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី បួនលានរៀល ទៅដប់លានរៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុង កាលៈទេសៈដែលប្រទេសមានសង្គ្រាម ឬរងការឈ្លានពានពីកម្លាំងបរទេស ៕
ចែករំលែកព័តមាននេះ