ទីក្រុងរ៉ង់ហ្គូន៖ ប្រមុខការទូតចិន លោកវ៉ាងយី ថ្លែងថារដ្ឋាភិបាលទីក្រុងប៉េកាំងនឹងផ្ដល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសមីយ៉ាន់ម៉ាក្នុងការការពារអធិបតេយ្យភាពជាតិ និងសន្តិសុខជាតិរបស់ខ្លួន។ លោកថ្លែងដូច្នេះនៅក្នុងឱកាសជួបគ្នាជាមួយអតីតប្រមុខយោធាមីយ៉ាន់ម៉ា លោកមីនអុងឡាំង ដែលបច្ចុប្បន្នបានក្លាយជាប្រធានាធិបតីពេញមុខពេញមាត់ហើយ។ ការឈប់សំចតនៅមីយ៉ាន់ម៉ាជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកវ៉ាងយីមកកាន់ប្រទេសបីនៃតំបន់អាស៊ាននៅសប្ដាហ៍នេះ។

លោកកំពុងស្វះស្វែងរកការពង្រឹងទំនាក់ទំនង និងចង់បង្ហាញថាបើប្រៀបធៀបជាមួយអាមេរិក ការរក្សាទំនាក់ទំនងជាមួយចិនមានស្ថិរភាពល្អជាង។ លោកថ្លែងថារដ្ឋាភិបាលទីក្រុងប៉េកាំងគាំទ្រមីយ៉ាន់ម៉ាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍរបស់ខ្លួនឆ្ពោះទៅរកភាពជោគជ័យស្របតាមសភាពការណ៍ជាក់ស្ដែងនៅក្នុងប្រទេសជាតិរបស់ខ្លួន និងការគាំទ្រពីសំណាក់ប្រជាជនរបស់ខ្លួនផ្ទាល់។

លោកថ្លែងដូច្នេះប្រាប់លោកមីនអុងឡាំងដោយផ្ទាល់នៅអំឡុងពេលបំពេញទស្សនកិច្ចនៅរដ្ឋធានីណៃពិដោរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិន។ លោកវ៉ាងយីថ្លែងថាដោយសារឆ្នាំនេះជាឆ្នាំទីមួយនៃការឡើងកាន់អំណាចរបស់រដ្ឋាភិបាលថ្មី ប្រទេសទាំង២គួរណាស់ឆក់យកឱកាសនេះបន្ត និងលើកកម្ពស់ចំណងមិត្តភាពជាប្រពៃណីរបស់ខ្លួន ព្រមទាំងបើកឱកាសថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី។

លោកមីនអុងឡាំងបានស្បថចូលកាន់តំណែងកាលពីថ្ងៃទី១០ ខែមេសាបន្ទាប់ពីលោកត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាបោះឆ្នោតតែងតាំងជាប្រធានាធិបតីកាលពីមួយសប្ដាហ៍មុននោះ និងបន្ទាប់ពីលោកបានផ្ទេរតំណែងអគ្គបញ្ជាការកងទ័ពទៅឱ្យមនុស្សជំនិតរបស់លោកដែលលោកអាចជឿទុកចិត្តបានក្នុងការគ្រប់គ្រងកងទ័ព។ ចាប់ពីពេលនេះទៅមុខរយៈពេល៥ឆ្នាំទៀត លោកមីនអុងឡាំងអាចកាន់អំណាចដោយរំភើយប្រសិនបើគ្មានអ្វីកើតឡើងទេ។

អ្នកវិភាគយល់ថាប្រទេសចិនជាអ្នកគាំទ្រធំជាងគេចំពោះការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅមីយ៉ាន់ម៉ាដែលរៀបចំជាបីដំណាក់កាលចាប់ពីខែធ្នូ ឆ្នាំ២០២៥ដល់ដើមខែមករា ឆ្នាំ២០២៦។ លោកវ៉ាងយីថ្លែងថាប្រទេសចិនក៏ត្រៀមខ្លួនសហការជាមួយមីយ៉ាន់ម៉ាដើម្បីបោសសម្អាតឱ្យដល់ឫសគល់នូវល្បែងអនឡាញ និងអំពើឆបោកអនឡាញផងដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ មីយ៉ាន់ម៉ាក្លាយជាតំបន់ក្រហមឆ្អិនឆ្អៅនៃអំពើទាំងនេះ៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ