ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការរងស្រុកស្ទឹងត្រង់ម្នាក់ ត្រូវក្មេងទំនើងចាក់ចំផ្ទៃមុខ រងរបួសធ្ងន់ ពេលចុះអន្តរាគមន៍ករណីវាយតប់គ្នា

12 ម៉ោង មុន

ខេត្តកំពង់ចាម ៖ អធិការរង​ស្រុក​ស្ទឹង​ត្រង់​មួយ​រូប រង​របួស​ធ្ងន់ធ្ងរ​ដេក​ដួល​ក្នុង​ថ្លុកឈាម ដោយសារ​តែ​ក្រុម​ក្មេង​ទំនើង ចាក់​នឹង​ដែក​មុត​ស្រួច ចំ​ផ្ទៃមុខ ចំនួន​០២​កន្លែង ខណៈ​ពេល​លោក​អធិការរង ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​វាយតប់​គ្នា…

ខេត្តកំពង់ចាម ៖ អធិការរង​ស្រុក​ស្ទឹង​ត្រង់​មួយ​រូប រង​របួស​ធ្ងន់ធ្ងរ​ដេក​ដួល​ក្នុង​ថ្លុកឈាម ដោយសារ​តែ​ក្រុម​ក្មេង​ទំនើង ចាក់​នឹង​ដែក​មុត​ស្រួច ចំ​ផ្ទៃមុខ ចំនួន​០២​កន្លែង ខណៈ​ពេល​លោក​អធិការរង ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​វាយតប់​គ្នា នៅ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ នៅ​ក្នុង​មូលដ្ឋាន នា​យប់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ ។

មន្ត្រី​នគរបាល​ដែល​រង​របួស ពេល​បំពេញ​ប្រតិបត្តិការ​នេះ​មានឈ្មោះ ម៉ា​ប់ សុ​ផាត អត្តលេខ ៥៨៥៣៥ មាន​ឋានន្ដរស័ក្ដិ​ថ្នាក់ វរសេនីយ៍ទោ ជា​អធិការរង ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ត្រង់ ។

យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ត្រង់ បានឱ្យ​ដឹង​ថា លោក​វរសេនីយ៍ទោ ម៉ា​ប់ សុ​ផាត រង​របួស​ធ្ងន់ធ្ងរ ក្នុង​កិច្ច​ប្រតិបត្តិការ បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ។

របាយការណ៍​ដដែល​បន្ត​ថា នៅ​យប់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ លោក​វរសេនីយ៍ទោ ម៉ា​ប់ សុ​ផាត បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍ ចុះ​ល្បាត​ចល័ត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រែក​កក់​។ លុះ​រហូត​ដល់​វេលា​ម៉ោង ២៣:០៥​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល បាន​ទទួល​ព័ត៌មាន​រាយការណ៍​ថា មាន​ករណី​ហិង្សា​ដោយ​ចេតនា (​ក្រុម​ក្មេង​ស្ទាវ វាយ​ប្រតាយប្រតប់​គ្នា​) នៅ​កន្លែង​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​របស់​ទូរទស្សន៍ Town នៅ​ចំណុច​ភូមិ​បឹង​ដែង​១ ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក​វរសេនីយ៍ទោ ម៉ា​ប់ សុ​ផាត បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ចាប់​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​ភ្លាម​ៗ ពេល​កំពុង​ប្រតិបត្តិការ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ បាន​ធ្វើ​សកម្មភាព​យក​ឧបករណ៍​មុត​ស្រួច ចាក់​ត្រូវ​ចំ​ខ្ទង់ច្រមុះ ក្បែរ​ភ្នែក​ខាងស្តាំ​ចំនួន​០២​កន្លែង រង​របួស​ធ្ងន់ធ្ងរ បណ្តាល​ឱ្យ​ដួល​សន្លប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ រីឯ​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ចាប់​ឃាត់ខ្លួន​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​នាំ​ខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ត្រង់ ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី ។

ចំណែកឯ​លោក​វរសេនីយ៍ទោ ម៉ា​ប់ សុ​ផាត ត្រូវ​បាន​កម្លាំង​នគរបាល នាំ​យក​មក ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទឹង​ត្រង់ និង​ប​ញ្ចូ​ន​បន្ត​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​។ ប៉ុន្តែ​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ក្រុម​គ្រូពេទ្យ​ខេត្ត​សម្រេចចិត្ត បញ្ជូន​បន្ត​ទៅ​ព្យាបាល​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត លោក​វរសេនីយ៍ទោ ម៉ា​ប់ សុ​ផាត (​មាន​ឈាមកក​ក្នុង​ខួរក្បាល​) សន្លប់​មិន​ទាន់​ដឹងខ្លួន​នៅឡើយ និង​កំពុង​បន្ត​បញ្ជូន​ទៅ​ព្យាបាល នៅ​ប្រទេស​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ