រាជធានីភ្នំពេញ ៖ បុរសជាជនអនាថាម្នាក់ ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ គំរាមរកវាយទៅលើជនបរទេសម្នាក់ នៅក្បែររបងវត្តឧណ្ណាលោម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ តាមរកឃើញកាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ហើយនាំយកមកសួរនាំ និងឲ្យសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គងទៅលើជនបរទេស នេះបើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ក្រោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម មានបុរសម្នាក់ បានប្រើប្រាស់សម្ដីមិនសមរម្យ និងគំរាមរកវាយទៅលើជនបរទេសម្នាក់ ជាអ្នកទេសចរ ខណៈជនបរទេសនោះ ថតផ្សាយ រូបភាពវីដេអូ គ្រាន់និយាយសួរនាំសុខទុក្ខធម្មតាទៅលើបុរសម្នាក់ជនជាតិខ្មែរ(ជនអនាថា)ខាងលើ នៅក្បែររបងវត្តឧណ្ណាលោម ដោយរូបភាពនេះ ត្រូវបានជនបរទេសនោះ យកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម ។
ហេតុការណ៍កើតឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្បែររបងវត្តឧណ្ណាលោម នៅមូលដ្ឋានសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំពោះករណីនេះ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ បានធ្វើការស្រាវជ្រាវទើបដឹងថា បុរសនោះជាជនអនាថា គ្មានទីលំនៅច្បាស់លាស់ ដើរគ្រប់ទីកន្លែង និងដេកតាមទីសាធារណៈ ។
បុរសជាជនអនាថា ត្រូវបានសមត្ថកិច្ចប្រទះឃើញនៅចំណុចស្ពានបាឡេ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង០៨:០០នាទីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ហើយយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
គួរជម្រាបថា ជនបរទេសខាងលើ គឺជាអ្នកទេសចរណ៍ ដែលមានឈ្មោះលើបណ្ដាញសង្គម I Am Tyler Fox លោកដើរថតវីដេអូ Vlog នៅរាជធានីភ្នំពេញ ខណៈនោះ លោកបានដើរក្បែររបងវត្តឧណ្ណាលោមទៅរាក់ទាក់បុរសម្នាក់(ជនអនាថា) ពាក់មួកបៃតង ប៉ុន្ដែបែរជាត្រូវបុរសនោះជេរ ថែមទាំងបង្ហាញកាយវិការ និងពាក្យសម្ដីមិនសមរម្យ ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាយ៉ាងខ្លាំង ។
បន្ទាប់ពីវីដេអូនោះ ផ្ទុះការចាប់អារម្មណ៍ខ្លាំង កម្លាំងប៉ូលិសបានតាមឃាត់ខ្លួនជនអនាថារូបនោះយកមកសួរនាំ និងអប់រំ ។ ចំណែកឯ ប្រជាពលរដ្ឋខ្មែរនិយមលេងបណ្ដាញសង្គមវិញ ក៏នាំគ្នាខមិនសុំទោសជនបរទេសម្នាក់ឈ្មោះ Tyler ក៏ដូចជាពន្យល់ថា ចរិតប្រជាជនខ្មែរ ពុំមែនបែបនោះទេ ។
សកម្មភាពរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់នេះ បានធ្វើឲ្យជនបរទេស លោក Tyler មានការភ្ញាក់ផ្អើល មិននឹកស្មានថា ខ្លួនទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្ដៅបែបនេះពីប្រជាជនខ្មែរនោះទេ ។ ហើយលោកជឿជាក់ថា ជនអនាថាម្នាក់នោះ ប្រហែលជាមិនប្រក្រតី ឬមានបញ្ហាអ្វីម្យ៉ាង ទើបបានជាបញ្ចេញសកម្មភាពមិនគប្បី ។ លោកបន្តថា ប្រជាជនខ្មែរមានស្នាមញញឹម និងភាពរួសរាយរាក់ទាក់ចំពោះភ្ញៀវបរទេស ៕
Screenshot


ចែករំលែកព័តមាននេះ