រាជធានីភ្នំពេញ ៖ ករណីស្ត្រីម្នាក់ជនជាតិទួរគី បានដើរធ្វើសកម្មភាពបិទផ្លូវ បង្កការកកស្ទះរំខានដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវសាធារណៈ នៅវេលាម៉ោងប្រហែល០៧និង១៥នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយសមត្ថកិច្ច ក៏បាននាំស្ត្រីជនបរទេសខាងលើមកកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។
បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរនាំស្ត្រីជនបរទេសឈ្មោះ GULCAN KARACA អាយុ២៦ឆ្នាំ សញ្ជាតិទួរគី មុនរបរទេសចរណ៍ បានប្រាប់សមត្ថកិច្ចថា ខ្លួនគេបានទៅស្ថានទូតទួរគី នៅម្តុំផ្លូវ២៥៤ ស្ថិតនៅសង្កាត់ចតុមុខ ជាច្រើនលើកច្រើនសារ ក្នុងគោលបំណងឲ្យស្ថានទូតជួយបំពេញបែបបទឲ្យខ្លួនត្រឡប់បានទៅប្រទេសកំណើតវិញ តែខាងស្ថានទូតធ្វើការយូរពេក រហូតមកដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ខ្លួនក៏បានផឹកស្រាស្រវឹង ហើយជ្រុះបាត់លិខិតឆ្លងដែន (បាស្ព័រ) ។
ក្រោយពីធ្វើការសួរនាំរួចរាល់ សមត្ថកិច្ចក៏បានទំនាក់ទំនងទៅខាងស្ថានទូតទួរគី ដើម្បីបញ្ជាក់ពីដំណើររឿងហេតុខាងលើ ហើយខាងមន្ត្រីស្ថានទូតទួរគី បានទទួលស្គាល់បញ្ជាក់ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ និងបានសំណូមពរយកស្ត្រីជនជាតិទួរគីខាងលើទៅស្នាក់នៅបន្តនៅស្ថានទូត ដើម្បីបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ ៕
ចែករំលែកព័តមាននេះ