ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង Online Scams ក្នុង​បុរី​ជា​រី សង្កាត់​ចោម​ចៅ​២ ឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដែ​ស​១២​នាក់

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ចម្រុះ នៃ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ Online Scams មួយ​កន្លែង​ស្ថិត​ក្នុង​បុរី​ជា​រី​ផ្ទះ​លេខ ០៦J ផ្លូវ​លេខ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ចម្រុះ នៃ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ Online Scams មួយ​កន្លែង​ស្ថិត​ក្នុង​បុរី​ជា​រី​ផ្ទះ​លេខ ០៦J ផ្លូវ​លេខ ០៧ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដែ​ស ចំនួន ១២​នាក់ និង​ដកហូត​កុំព្យូទ័រ All-in-One ចំនួន ២៦​គ្រឿង​, ម៉ូនីទ័រ ១៣​គ្រឿង​, ធុង CPU ១១​គ្រឿង និង​លិខិតឆ្លងដែន​ចំនួន ១៤​ក្បាល នេះ​បើ​តាម​ប្រភព​ពី​លេខាធិការដ្ឋាន គ​.​ប​.​ឆ​.​ប​. ។

ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ ក្រោម​ការ​បញ្ជា​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ពី​លោក ហាង សម្បត្តិ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

យោង​តាម​ការ​ស៊ើបអង្កេត និង​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច សមត្ថកិច្ច​បាន​រក​ឃើញ​ថា ក្រុម​ជនសង្ស័យ​បាន​ប្រើប្រាស់​ទីតាំង​ខាងលើ ដើម្បី​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ក្រោម​រូបភាព​ក្លែងបន្លំ​ជា​ក្រុមហ៊ុន​លក់​កញ្ចប់​ទេសចរណ៍​ក្លែងក្លាយ ដែល​មាន​គោលដៅ​ទៅ​ប្រទេស​បង់​ក្លា​ដេ​ស និង​ប្រទេស​ផ្សេង​ទៀត ។

ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត ឱ្យ​សមត្ថកិច្ច និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ការ​បង្ក្រាប​បទល្មើស​នេះ​ដោយ​គ្មាន​បង្អង់​ដៃ​ឡើយ ។ សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា ច្បាប់​មាន​ហើយ ដូច្នេះ​ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​ម៉ត់ចត់ និង​ឱ្យ​មាន​ប្រសិទ្ធភាព​ដោយ​មិន​បន្ធូរ​ដៃ និង​ដោយ​គ្មាន ការ​លើកលែង​ឡើយ ពោល​គឺ​មិន​បញ្ឈប់​ត្រឹម​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នេះ ដូចដែល​មាន​មតិ​មួយ​ចំនួន បាន​លើក​ឡើង​នោះ​ឡើយ ។

សូម​រម្លឹក​ថា ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បាន​ចូល​ជា​ធរមាន​កាលពី​ម៉ោង ០០:០១ ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២៦ ក្រោយ​ការ​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី នៅ​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៦ ។

ច្បាប់​នេះ​មាន​៥​ជំពូក និង​២៤​មាត្រា​។ ជាមួយ​ច្បាប់ នេះ​បទល្មើស ព្រហ្មទណ្ឌ​ថ្មី ចំនួន​៥ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​ក្នុង​ការ អនុវត្ត គឺ​រួម​មានៈ ១- បទ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ២- បទ​រៀបចំ ឬ​ដឹកនាំ​មជ្ឈមណ្ឌល ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ៣- បទ​ជ្រើសរើស ឬ​បណ្តុះបណ្តាល អ្នក​ដទៃ​ឱ្យ​ចូលរួម​ប្រព្រឹត្ត​អំពើ​ឆបោក​តាម ប្រព័ន្ធ​បច្ចេកវិទ្យា ៤- បទ​ប្រមូល​ក្នុង​ចេតនា​ទុច្ចរិត​នូវ​ឯកសារ​សម្គាល់​អត្តសញ្ញាណ ឬ​ឯកសារ ព័ត៌មាន​ផ្ទាល់ខ្លួន​នានា​របស់​អ្នក​ដទៃ និង​៥- ការ បង្កើត ទម្រង់​ពិសេស​នៃ​បទល្មើស​សម្អាត​ប្រាក់​។

បទល្មើស​ទាំងនេះ​បាន​កំណត់​ដាក់ទោស ជនល្មើស ត្រូវ​ប្រឈម​នឹង​ការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុត​រហូត ដល់ ១ ជីវិត និង ពិន័យ​ជា​ប្រាក់ ដល់ ទៅ ១ ០០០ លាន​រៀល ថែម​ទាំង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ជនល្មើស ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ